ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សម្រុកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មី
AKP តាកែវ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ថ្ងៃទី៣ នៅក្នុងខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ឱ្យមកចូលរួមលេងកម្សាន្តយ៉ាងនៅតាមទីតាំងសំខាន់ៗក្នុងខេត្ត។

ចំណុចកណ្តាលនៃភាពសប្បាយរីករាយ គឺនៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងយុទ្ធសាស្ត្ររៀបចំដោយរដ្ឋបាលខេត្ត គេសង្កេតឃើញមានមហាជនយ៉ាងជិតស្និទ្ធបានមកជួបជុំគ្នា។ កម្មវិធី “សង្ក្រាន្តតាកែវ ឆ្នាំ២០២៦” បានក្លាយជាមេដែកឆក់ទាញអារម្មណ៍យ៉ាងខ្លាំង តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ បានបង្កលក្ខណៈឱ្យមានការលេងល្បែងបែបប្រពៃណីយ៉ាងសម្បូរបែប និងមានការប្រគុំតន្ត្រី ចូលរួមសម្តែងពីសំណាក់ឌីជេ (DJ) ល្បីៗ ដែលធ្វើឱ្យបរិយាកាសកាន់តែមានភាពរស់រវើក និងអាឡោះអាល័យ។

ចំណែកឯសកម្មភាពនៅតាមបណ្តាស្រុក និងវត្តអារាម មិនត្រឹមតែនៅទីរួមខេត្តប៉ុណ្ណោះទេ សន្ទុះនៃការដើរកម្សាន្តក៏បានរីករាលដាលដល់គ្រប់ច្រកល្ហកក្នុងខេត្តផងដែរ ។ឯតាមរមណីយដ្ឋាន និងវត្តអារ៉ាម ក៏មានពុទ្ធបរិស័ទ និងយុវជនបានជួបជុំគ្នាធ្វើបុណ្យទន្ទឹមនឹងការលេងល្បែងប្រជាប្រិយយ៉ាងកងរំពងនិងតាមលំនៅដ្ឋានប្រជាពលរដ្ឋបានរៀបចំការជួបជុំជាលក្ខណៈគ្រួសារ ច្រៀងរាំ និងទទួលទានអាហាររួមគ្នា បង្កើតបាននូវសាមគ្គីភាព និងសុភមង្គលយ៉ាងក្រៃលែង។

ជារួម ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខេត្តតាកែវ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការកម្សាន្តជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ៕
ដោយ AKP





