ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកងកម្លាំងចុះជួយសង្គ្រោះបន្ទាន់ និងនាំយកអំណោយស័ង្កសីរបស់សម្ដេចធិបតី ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជាង៤០០ខ្នង នៅស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងចម្រុះចុះជួយរុះរើ និងរៀបចំជួសជុលសាងសង់ផ្ទះឡើងវិញជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក។

សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានគ្រោះធម្មជាតិខ្យល់កន្ត្រាក់យ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ដែលបានបង្កឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងឃុំគោករមៀត សរុបជាង ៤០០ខ្នងផ្ទះ រងការខូចខាតភាគច្រើនរបើកដំបូល និងជញ្ជាំង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយស័ង្កសី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដើម្បីចែកជូនដល់គ្រួសាររងគ្រោះសម្រាប់យកទៅជួសជុលជម្រកឡើងវិញ។

ក្នុងពេលចុះពិនិត្យផ្ទាល់ដល់ទីតាំងរងគ្រោះ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបនឹងការលំបាកនេះ ឯកឧត្តមបានផ្តល់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ថា "ត្រូវប្រមូលកម្លាំងសរុប ដើម្បីប្រឹងប្រែងជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឱ្យបានលឿនបំផុត ដើម្បីឱ្យពួកគាត់មានជម្រករស់នៅសមរម្យឡើងវិញ មិនត្រូវទុកឱ្យបងប្អូននៅរងចាំយូរនោះឡើយ។"

ទន្ទឹមនឹងការជួយសង្គ្រោះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះបាតុភូតធម្មជាតិតាមដានព័ត៌មានអាកាសធាតុជាប្រចាំ។ នៅពេលមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ត្រូវស្វែងរកទីកន្លែងដែលមានសុវត្ថិភាព។ កាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី ប្រសិនបើចាំបាច់ ដើម្បីចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
សកម្មភាពចុះជួយសង្គ្រោះនៅពេលនេះ មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏សប្បុរស និងការគិតគូរជានិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ៕
ដោយ ឈុន សារ៉ាត





