សម្ដេចតេជោ ហ៊ុន សែន រម្លឹករឿងរបួសធ្ងន់ (ភ្នែកឆ្វេង) ដោយសារសង្គ្រាម កាលពី៥១ឆ្នាំមុន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រម្លឹករងរបួសធ្ងន់ភ្នែកឆ្វេង ដោយសារសង្គ្រាមកាលពី៥១ឆ្នាំមុន (ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥)។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ៥១ឆ្នាំមុន ពេលនេះម៉ោងនេះ ខ្ញុំកំពុងសន្លប់មិនដឹងខ្លួននៅឡើយ បន្ទាប់ពីត្រូវរបួសធ្ងន់(ភ្នែកឆ្វេង) ប្រមាណម៉ោង៦ព្រឹកថ្ងៃ១៦មេសា១៩៧៥។
សម្ដេចតេជោបន្តថា មុខព្រួញដែលដឹកនាំបញ្ជាដោយខ្ញុំផ្ទាល់ ត្រូវស្លាប់និងរបួស៣៨នាក់រាប់ទាំងរូបខ្ញុំជាមេបញ្ជាការផង។ សំណាងល្អជីវិតខ្ញុំនៅរស់តែមិត្តខ្ញុំជិត៣០នាក់បានពលីជីវិតរួចទៅហើយ។ សង្គ្រាមគឺបែបនេះហើយដែលយើងមិនចង់ជួបវាទៀតទេ។ សូមចាក់ផ្សាយឡើងវិញចម្រៀង២បទដែលមានចំណងជើងថា (ធ្លាក់ខ្លួនពិការដោយសារសង្គ្រាម) និងបទ(យល់ខុសគិតខុស)។ ជូនពរជនរួមជាតិជួបតែសេចក្ដីសុខសេចក្ដីចម្រើនក្នុងឆ្នាំថ្មីនេះ៕

ដោយ៖ ជឹម ណារី





