ការប្រកួតអុកចត្រង្គ «ស្តេចអុក» នៃព្រឹត្តិការណ៍នគរសង្ក្រាន្តបញ្ចប់ការប្រកួតជុំទី១
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦--ការប្រកួតកីឡាអុកចត្រង្គ ជើងឯកកុមារ និងមហាជននៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦បានបញ្ចប់ការប្រកួតជុំទី១នៃវគ្គចែកពូល (ផ្នែកមហាជន) កាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី១ នៅទីតាំងផ្សាររាត្រី តំបន់វប្បធម៌ រាជធានីភ្នំពេញ។

មន្ត្រីសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានគូសបញ្ជាក់ថា នេះជាការប្រកួតវគ្គជម្រុះក្នុងពូលទាំងពីរ គឺពូល ក និងពូល ខ ដែលមានបេក្ខភាពឆ្នើមៗ៨នាក់ចុងក្រោយ ដែលបានឆ្លងកាត់ការប្រកួតជម្រុះ កាលពីពេលកន្លងទៅពីក្នុងចំណោមកីឡាករសរុប ១១៦នាក់។ បេក្ខភាពកីឡាករ ក្នុងពូល ក មាន៤នាក់ គឺកីឡាករ ជា ស៊ីដេត, ស៊ឹម សុធារិទ្ធ, សៀវ ស៊ីន និងសោម វណ្ណឌី ខណៈ៤នាក់ក្នុងពូល ខ រួមមាន៖ កីឡាករ ឈាវ បូរ៉ា, ឆយ វីរ៉ា, សុខ លីមហេង និងធីម ធីណា។ ចំពោះលទ្ធផលវគ្គសន្សំពិន្ទុក្នុងពូល ជុំទី១ រួមមាន៖ ពូល-ក កីឡាករ ជា ស៊ីដេត ទទួលបាន១ពិន្ទុ ក្រោយឈ្នះគូប្រកួត ស៊ឹម សុធារិទ្ធ (០ពិន្ទុ) ខណៈកីឡាករ សៀវ ស៊ីន និងសោម វណ្ណឌី ចែកគ្នាម្នាក់ កន្លះពិន្ទុ ក្រោយប្រកួតស្មើគ្នា។

ចំពោះពូល ខ ឈាវ បូរ៉ា ទទួលបាន១ពិន្ទុ ក្រោយឈ្នះ ឆយ វីរ៉ា ខណៈម្ចាស់ជើងឯកថ្នាក់ជាតិ ៦សម័យកាល សុខ លីមហេង ទទួលបាន១ពិន្ទុ បន្ទាប់ពីបានប្រកួតឈ្នះកីឡាករ ធីម ធីណា (០ពិន្ទុ)។ (អ្នកឈ្នះទទួលបាន១ពិន្ទុ អ្នកស្មើទទួលបាន កន្លះពិន្ទុ)។ ដូច្នេះ ក្នុងកីឡាករម្នាក់ត្រូវបន្តការប្រកួតចំនួន២ប្រកួត ដើម្បីបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូល។ ក្រោយចប់ការប្រកួតវិលជុំក្នុងពូល គឺកីឡាករចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលទាំង២នឹងត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នារសៀលម៉ោង៣ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ ចំពោះថ្ងៃទី១៨ ខែមេសានឹងត្រូវប្រកួតដណ្តើមដណ្តើមចំណាត់ថ្នាក់លេខ៣ ហើយនៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមេសា នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមតំណែង «ស្តេចអុក» ប្រចាំឆ្នាំ២០២៦នេះ។

ចំពោះការប្រកួតផ្នែកជើងឯកកុមារ ដែលមានបេក្ខភាពឆ្នើមៗ៤នាក់ចុងក្រោយ នឹងត្រូវចាប់ឆ្នោត និងចាប់ផ្តើមប្រកួតពីថ្ងៃទី១៥-១៨ ខែមេសា ឆ្នាំ២០២៦។ បេក្ខភាពកុមារ៤នាក់ ដែលត្រៀមប្រកួតជុំផ្តាច់ព្រ័ត្រនេះ គឺមានកីឡាករ ឈាវ បុរិន្ទ, អែម ណាតាន, សេង វុត្រា និងកុមារ ជឹង ផេងឡេង។

គួរបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គ ជើងឯកកុមារ និងមហាជននេះនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាណព្រលឹងវប្បធម៌ជាតិខ្មែរមួយនេះឱ្យបន្តរស់នៅជាមួយប្រជាជនជានិច្ចនិរន្ត៕
ដោយ ហេង ណាលីន





