រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP កំពង់ចាម ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់រូបដែលបានបំពេញភារកិច្ចយ៉ាងសកម្ម មិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើងដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តបានខិតខំបំពេញការងារ ដោយស្មារតីសាមគ្គីភាពខ្ពស់ មានឆន្ទៈរួមគ្នា និងសហការគ្នាយ៉ាងល្អសម្រេចរាល់កិច្ចការដែលថ្នាក់ដឹកនាំប្រគល់ជូន។

ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសាមគ្គីភាពជួយគ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត និងបន្តបំពេញបេសកកម្មការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្តក៏បានសម្តែងពីមោទនភាព ដែលខេត្តបាននិងកំពុងកែប្រែនូវមុខមាត់ថ្មីនូវសោភណ្ឌភាពស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ព្រឹត្តិការណ៍កំពង់ចាម ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជារបស់យើងទទួលសាទរទេវតាឆ្នាំថ្មី ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការ និងការចូលរួមរបស់មន្ត្រីរាជការសាលាខេត្តផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការជូនពរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងមន្ត្រីរាជការ និងនិវត្តន៍ជន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមទេវតាឆ្នាំថ្មីតាមជូនថែរក្សា ផ្តល់នូវសេចក្តីសុខ ចម្រុងចម្រើនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចជានៅទូទាំងប្រទេស និងអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមរួមកម្សាន្តនៅព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឱ្យបានច្រើន ព្រោះយើងបានរៀបចំនូវព្រឹត្តិការណ៍ជាច្រើន ដូចជាលៀសហាល ចំនួន ៥តោន ម្ហូបអាហារជាច្រើនមុខ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតរង់ចាំស្វាគមន៍បងប្អូនប្រជាពលរដ្ឋយើងមកទស្សនាកម្សាន្តក្នុងខេត្តកំពង់ចាមរបស់យើង៕
ដោយ៖ ឆាយ ម៉ុត





