ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អាស៊ាន និងធនាគារពិភពលោកព្រមានអំពីផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- បណ្តារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីពេលថ្មីៗនេះ បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមានចំពោះសេដ្ឋកិច្ចពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលអាស៊ានលើកទី១៣ (AFMGM) នៅក្នុងប្រទេសហ្វីលីពីន មន្ត្រីទាំងនោះបាននិយាយថាពួកគេបានសម្តែងការព្រួយបារម្ភអំពីហានិភ័យភូមិសាស្ត្រនយោបាយកើនឡើង ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលលោក និងការរំខានដល់ទីផ្សារថាមពល ដែលអាចបង្កើនភាពប្រែប្រួលនៃអតិផរណា ទីផ្សារហិរញ្ញវត្ថុ និងលំហូរមូលធន។
មន្ត្រីទាំងនោះបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការពង្រឹងការសម្របសម្រួលគោលនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ពង្រឹងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុ ពន្លឿនការផ្លាស់ប្តូរឌីជីថល និងគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុ។
នៅថ្ងៃដដែលនោះ ប្រធានធនាគារពិភពលោក លោក អាចាយ បាងហ្កា (Ajay Banga) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក បើទោះបីជាបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដួណាល់ ត្រាំ (Donald Trump) ចាប់ផ្តើមហើយក៏ដោយ។
ការប៉ាន់ប្រមាណមូលដ្ឋានរបស់ធនាគារពិភពលោកឥឡូវនេះព្យាករណ៍ពីកំណើននៅក្នុងទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ចំនួន ៣,៦៥% ក្នុងឆ្នាំ២០២៦ បើប្រៀបធៀបទៅនឹង ៤% នៅក្នុងខែតុលា ដោយធ្លាក់ចុះទាបដល់ ២,៦% នៅក្នុងសេណារីយ៉ូអវិជ្ជមានជាមួយនឹងសង្គ្រាមដែលមានរយៈពេលយូរជាងនេះ។ អតិផរណានៅក្នុងប្រទេសទាំងនោះ ឥឡូវនេះត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ៤,៩% ក្នុងឆ្នាំ២០២៦ ដែលកើនឡើងពីការប៉ាន់ប្រមាណពីមុនដែលមានត្រឹម ៣%។សេណារីយ៉ូធ្ងន់ធ្ងរអាចឃើញអតិផរណាកើនឡើងខ្ពស់ដល់ ៦,៧%។ នេះបើយោងតាមការប៉ាន់ប្រមាណដែលមើលដោយសារព័ត៌មានរ៉យទ័រស៍។
សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងកើនឡើង ៥០% ខណៈដែលរំខានដល់ការផ្គត់ផ្គង់ប្រេងឧស្ម័ន ជី អេលីយ៉ូម និងទំនិញផ្សេងទៀត ក៏ដូចជាទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





