លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នងជូនដល់អតីតយុទ្ធជននៅស្រុកសាលាក្រៅ
AKP ប៉ៃលិន ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ សាំង វី ភេទ ប្រុស អត្តលេខ RB013000169 រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។

លោកជំទាវបណ្ឌិតប្រធានបានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជន និងនិវត្តជន ពិតជាបានលះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ ដោយបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់។

លោកជំទាវបណ្ឌិតបានកោតសរសើរចំពោះក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងយកចិត្តទុកដាក់មើលថែអតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ ហើយបន្ថែមពីលើនេះ សូមជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានផ្ដល់សម្ភារបរិក្ខា ស្បៀងអាហារ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ដល់អតីតយុទ្ធជន ឈ្មោះ សាំង វី ដែលទើបទទួលបានផ្ទះថ្មីមួយខ្នង៕
ដោយ AKP





