ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លើកទឹកចិត្តដល់កម្លាំងស្នងការនគរបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
AKP កែប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បាននាំយកនូវអង្ករ១តោន ភេសជ្ជៈមួយចំនួន និងថវិកា៣,០០០,០០០៛ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ជូនដល់កងកម្លាំងនៃស្នងការនគរបាលខេត្តកែប និងជូនក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២,០០០,០០០៛ សម្រាប់លើកទឹកចិត្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ។ ការផ្តល់អំណោយលើកទឹកចិត្តនេះធ្វើនៅបរិវេណស្នងការនគរបាលខេត្តកែប ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងនៃស្នងការនគរបាលខេត្តកែប។

ក្នុងឱកាសជួបជុំ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះ កម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំងក្រុមគ្រួសារផងដែរ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងក្រោមឱវាទទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិសាសនា ដែលបងប្អូនប្រជាពលរដ្ឋជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលវេលាដែលកម្លាំងសមត្ថកិច្ចរឹតតែត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវលើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តកែបរបស់យើងនេះ ឱ្យមានសុខសុវត្ថិភាព ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តតែងតែឆ្លៀតពេលរៀបចំពិធីជួបជុំនេះឡើង ដើម្បីសំណេះសំណាលសួរសុខទុក្ខ ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃលើកទឹកចិត្តផងដែរ។ ការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ គឺជាកត្តាសំខាន់មួយដើម្បីពង្រឹងសាមគ្គីភាព ពង្រឹងស្មារតីការពារមូលដ្ឋាន បង្កើនការទប់ស្កាត់ រាល់ទម្រងបទល្មើសគ្រប់ប្រភេទ សំខាន់នោះ ដាស់តឿនក្រើនរំលឹកអំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។

នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់បងប្អូន កងកម្លាំងនៃស្នងការនគរបាលខេត្ត ត្រូវថែរក្សាសុខភាពឱ្យបានល្អ បង្កើនសេដ្ឋកិច្ចក្នុងគ្រួសារបន្ថែមនូវចំណេះជំនាញ និងត្រូវចៀសឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ៕

ដោយ AKP





