អង្គការ WWT រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោងកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់តំបន់ការពារទេសភាពអន្លង់ព្រីង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ -- អង្គការ WWT បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោងកសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ជំហានទី១ នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ដោយមានការចូលរួមពីដៃគូអនុវត្តគម្រោង CRDT និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមគ្នាពិនិត្យមើលឡើងវិញនូវដំណើរការអនុវត្តគម្រោងឆ្ពោះទៅរកការកសាងសហគមន៍ដែលមានភាពធន់ និងប្រព័ន្ធអេកូឡូស៊ីដែលសម្បូរបែប។

ប្រភពពីអង្គការ WWT បានឱ្យដឹងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នេះថា សិក្ខាសាលាឆ្លុះបញ្ចាំងនេះបានបង្ហាញពីផលប៉ះពាល់វិជ្ជមាននៃការផ្លាស់ប្តូរ រួមមានការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ការកើនឡើងនូវប្រាក់ចំណូលគ្រួសារ និងការការពារ ការអភិរក្សសត្វព្រៃ និងជម្រកធម្មជាតិនៅក្នុងតំបន់ទាំងមូល។ អ្នកចូលរួមបានចែករំលែកនូវធាតុចូល មេរៀនដែលទទួលបាន និងបទពិសោធន៍ជាក់ស្តែងនៅតាមមូលដ្ឋាន ដែលជួយពង្រឹងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន អាជ្ញាធររដ្ឋាភិបាល និងវិស័យឯកជនផងដែរ។

កិច្ចពិភាក្សានេះក៏បានកំណត់នូវបញ្ហាប្រឈមសំខាន់ៗ និងកង្វះខាតផ្នែកចំណេះដឹងដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែង និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណុចយល់ឃើញទាំងនេះ នឹងក្លាយជាទិសដៅសម្រាប់ជំហាបន្ទាប់ក្នុងការជួយបង្កើតយុទ្ធសាស្ត្រការអនុវត្តមួយដែលមានប្រសិទ្ធភាព ធន់នឹងអាកាសធាតុ និងបរិយាបន្នជាងមុនសម្រាប់លើកកម្ពស់សុខុមាលភាពតំបន់ដីសើមប៕
ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ WWT)





