ព្រះករុណាព្រះមហាក្សត្រ៖ ទូលព្រះបង្គំជាខ្ញុំ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលត្រូវគង់ប្រថាប់ក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលតាមវេជ្ជបញ្ជា នឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេលពីមួយខែ ទៅពីរខែបន្តទៀត
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា ទូល ព្រះបង្គំជាខ្ញុំ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer) ដែលត្រូវគង់ប្រថាប់ក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលតាមវេជ្ជបញ្ជា នឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេល ពីមួយខែ ទៅពីរខែបន្តទៀត។ នេះបើតាមព្រះរាជសាររបស់ព្រះអង្គប្រទានជូនជនរួមជាតិ ចេញផ្សាយថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងទូលថ្វាយ-ជម្រាបជូន សម្តេច ព្រះញាតិវង្សានុវង្ស បងប្អូនជនរួមជាតិទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបថា តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទូលព្រះបង្គំជាខ្ញុំ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer)។ តាមវេជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតគង់ប្រថាប់បន្តទៀត ហើយពុំទាន់អាចយាង និវត្តន៍ទៅកាន់មាតុប្រទេសនៅពេលនេះបានទេ។ ក្រុមគ្រូពេទ្យតម្រូវឱ្យ ទូលព្រះបង្គំ ខ្ញុំ ព្រះករុណាខ្ញុំ ចូលគង់ប្រថាប់ក្នុងមន្ទីរពេទ្យដើម្បីព្យាបាលតាមវេជ្ជបញ្ជា នឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេល ពីមួយខែ ទៅពីរខែបន្តទៀត ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ ទូលព្រះ បង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត សូមផ្ញើសេចក្តីនឹករលឹកជាពន់ពេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្វាយ និងជូន សម្តេច ព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ជឹម ណារី





