ឯកឧត្តម កែ គឹមយ៉ាន រំលឹកពីពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរកងទ័ព និងអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- ក្នុងស្មារតីចងចាំមិនភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លារបស់បុព្វបុរស និងយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រួមជាមួយ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងវេរចង្ហាន់ប្រគេនព្រះសង្ឃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅសួនតេជោឈ្នះ-ឈ្នះ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មហាបុព្វបុរសខ្មែរ ពិសេសវីរកងទ័ព និងនគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិយ៉ាងក្លាហាន។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍សង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ។ ឯកឧត្តមបានលើកឡើងថា សន្តិភាព និងការរីកចម្រើនដែលយើងម្នាក់ៗកំពុងសោយសុខនៅពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាលទ្ធផលដែលបានមកពីការលះបង់ "សាច់ស្រស់ ឈាមស្រស់" របស់វីរកងទ័ព និងនគរបាលជាតិ ក្នុងការការពារបូរណភាពទឹកដី និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ "យើងត្រូវចងចាំជានិច្ចនូវពលិកម្មដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស និងវីរយុទ្ធជនយើង។ ការរៀបចំពិធីនៅសួនតេជោឈ្នះ-ឈ្នះនេះគឺជាការបង្ហាញពីកតញ្ញុតាធម៌ និងការប្តេជ្ញាចិត្តក្នុងការថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សជារៀងរហូត"។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម។

ក្រៅពីពិធីសាសនា ឯកឧត្តម កែ គឹមយ៉ាន ក៏បានឆ្លៀតឱកាសសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយបងប្អូនមនុស្សវ័យចាស់ និងប្រជាពលរដ្ឋ។ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។

ជាកិច្ចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់ ឯកឧត្តម និងលោកជំទាវ បានផ្ដល់ជូននូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ដល់មនុស្សវ័យចាស់ចំនួន ២០០នាក់។
ជាមួយនោះឯកឧត្តម កែ គឹមយ៉ាន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងមនុស្សវ័យចាស់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត និងមានអនាម័យខ្ពស់ ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅ និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រនៃការកសាងជាតិមាតុភូមិ៕

ដោយឈុនសារ៉ាត





