រដ្ឋបាលខេត្តសៀមរាបជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ
AKP សៀមរាប ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ នៅកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តសៀមរាប។ ជាមួយគ្នានេះក៏នាំយកនូវគ្រឿងឧបភោគបរិភោគសម្រាប់ប្រើប្រាស់ចំនួន៣៥មុខ ជូនដល់កងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ឯកឧត្តម ប្រាក់ សោភ័ណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពជួរមុខគ្រប់កាលៈទេសៈ ក្នុងពេលដែលប្រទេសជិតខាងបានចូលឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន ។

ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានខិតខំប្រឹងប្រែងក្នុងការកៀងគសប្បុរសជនជាតិ អន្តរជាតិ ឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរ ខ្មែរជួយខ្មែរ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា កត្តា៤យ៉ាង ដើម្បីឱ្យប្រទេសជាតិខ្លាំង ត្រូវមានវីរកងទ័ពខ្លាំង ថ្នាក់ដឹកនាំខ្លាំង សេដ្ឋកិច្ចខ្លាំង ប្រជាពលរដ្ឋមានសាមគ្គីភាព និងសមត្ថភាពខ្ពស់។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាចង់បានណាស់ព្រំដែន ដែលមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ)។

លោកឧត្តមសេនីយ៍ទោ សំរិទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាប និងបានប្តេជ្ញាចិត្តអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដីឱ្យបានដាច់ខាត។

ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន៣៥មុខ ក្នុងនោះថវិកា៤០លានរៀល និងអង្ករ៥តោន មី១៥០កេស ស្រាបៀរ២០០កេស គ្រឿងភេសជ្ជៈ៥០កេស ទឹកសុទ្ធ២០០យួរ ប្រេងសាំង១៥០០លីត្រ ស័ង្កសី១ពាន់សន្លឹក ពុយដាក់ប្រេង ៨ និងអំពូលសូឡា ៥គ្រឿង គោ៤ក្បាល ជ្រូក២ក្បាល ក្រៅពីនោះជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ២ម៉ឺនរៀលផងដែរ ក្នុងនោះឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ មាន ស្រាបៀរ៥០កេស មី៧០កេស ថវិកា៦លានរៀលផងដែរ៕

ដោយ ឃុត សៅ





