ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យក្រុមការងារពន្លឿនការរៀបចំតុបតែងសង្ក្រានឱ្យបានលឿនទាន់ពេលចូលឆ្នាំខ្មែរ និងត្រូវសម្អាតផ្លូវធ្វើអនាម័យបរិស្ថាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នឹងឈានចូលមកដល់។ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងនៅទីតាំងចំនួន ៥កន្លែងផ្សេងទៀត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យពន្លឿនការងារសាងសង់រូបសំណាក នគរសង្ក្រាន នៅវត្ដភ្នំ និងនៅផ្សាររាត្រី សួនវឌ្ឍនៈ ដែលកំពុងសាងសង់បានប្រមាណ ៩៩% ហើយដែលជាទីតាំងដែលត្រូវរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។ នៅក្នុងពិធីចុះពិនិត្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តទៅពិនិត្យមើលការងាររៀបចំនៅភូមិវប្បធម៌ «សួនរវឌ្ឍនៈ» នាសួនច្បារអតីតទីលានប្រជាធិបតេយ្យដល់ផ្សាររាត្រី ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យក្រុមការងារជំនាញពន្លឿនការរៀបចំនេះឱ្យបានលឿន និងឱ្យទាន់ពេលចូលឆ្នាំ។ បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បាញ់ទឹកសំអាតផ្លូវ និងធ្វើអនាមម័យ បរិស្ថានផងដែរ។ ដោយសារគិតមកដល់ថ្ងៃទី១០ ខែមេសា ២០២៦ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននិងកំពុងមមាញឹកញាប់ដៃញាប់ជើងសំរុករៀបចំតុបតែងលម្អសោភ័ណភាពនៅតាមសួនច្បារសាធារណៈនានា ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានានៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”។ ចំណែកខាងជំនាញរបស់សហភាព សហព័ន្ធយុវជនកម្ពុជាក៏កំពុងរៀបចំតុបតែងលម្អភូមិវប្បធម៌ក៏ដូចទីតាំងផ្សេងៗទៀតផងដែរ។

ក្នុងនោះ រូបសំណាកសេះព៌ណមាសដ៏អង់អាចតំណាងឱ្យឆ្នាំមមីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ធ្វើឡើងពីឬស្សីកម្ពស់ ៣,៨៩ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណាន ត្រូវបានក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញដំឡើងរួចរាល់នៅលេីបល្ល័ង្កកម្ពស់ ៣ម៉ែត្រ ទទឹង ៣ម៉ែត្រខាងមុខ នាឡិកាធំ ហើយអមដោយរូបសំណាកចាប៉ីដងវែងដ៏ធំមួយនោះក៏រួចរាល់ដែរ ជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូក រទេះសាលី រូបសំណាកមង្កុដយក្ស និងមានរូបសំណាកមួយចំនួនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នេះទទួលបានជោគជ័យ និងមានសោភណ្ឌភាពស្រស់បំព្រង សមស្របទៅតាមទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ រង់ចាំទទួលស្វាគមន៍ ពុកម៉ែ មីង អុំ បងប្អូនមកទស្សនាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំរហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងបរិវេណផ្សារទួលទំពូង។

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួនដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។
រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕
ដោយ៖ សួស សំរិត





