បទយកការណ៍៖ ការតុបតែងលម្អ នៅរមណីយដ្ឋានវត្តភ្នំ និងតាមសួនច្បារសាធារណៈ សង់រួចជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--ការតុបតែងលម្អ រូបសំណាកទូករាជហង្ស ទូករទេះសាលី រូបសំណាកមង្កុដយក្ស និងរូបសំណាកជាច្រើនមុខទៀត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវបានសង់រួចជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

គិតមកដល់ត្រឹមថ្ងៃទី៩ ខែមេសា ២០២៦ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតែមមាញឹកញាប់ដៃញាប់ជើងសំរុករៀបចំតុបតែងលម្អសោភណភាពនៅតាមទីកន្លែងសំខាន់ៗមួយចំនួន ដូចជា តាមសួនច្បារសាធារណៈ ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា តាមសួនច្បារមាត់ទន្លេ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស. ២០២៦ កាន់តែខិតជិតមកដល់ហើយនោះ។

អ្នកនាំពាក្យសាសារាជធានីភ្នំពេញបានឱ្យដឹងថា ការរៀបចំតុបតែងលម្អសោភណភាពនៅតាមទីតាំងសួនច្បារសាធារណៈ មហាវិថីនានា តាមមាត់ទន្លេ និងទីតាំងសំខាន់ៗជាច្រើនទៀត គឺដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្ដរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្ដិការណ៍ “នគរសង្ក្រាន្ដ” ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ឆស្ស អ្នកនាំសាលារាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ការរៀបចំនេះខាងជំនាញរបស់សហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក៏កំពុងរៀបចំតុបតែងលម្អសម្រាប់ព្រឹត្ដិការណ៍ “នគរសង្ក្រាន្ដ”ពិសេសការរៀបចំភូមិវប្បធម៌ ក៏ដូចទីតាំងផ្សេងៗទៀតដែរ។ លោកស្រីអ្នកនាំពាក្យរូបនេះ ក៏បានឱ្យដឹងទៀតថា នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការកសាងរូបសំណាកសេះពណ៌មាសដ៏អង់អាច អមដោយ រូបសំណាកចាប៉ីដងវែងដ៏ធំមួយក៏រួចរាល់ ផងដែរ ជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូករទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាក ជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។

ទាក់ទងនឹងការរៀបចំតុបតែងលម្អសោភណភាពក្នុងព្រឹត្ដិការណ៍ “នគរសង្ក្រាន្ដ” និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ មន្ត្រីជំនាញ នៃ មន្ទីរវប្បធម៌ និងចិត្រសិល្បៈបានឱ្យដឹងថា រូបសំណាកសេះពណ៌មាសដ៏ធំអង់អាចក្លាហានតំណាងឱ្យ ឆ្នាំ មមី ធ្វើពីឬស្សី មានកម្ពស់ ៣,៨៩ ម៉ែត្រ រចនាឡើងក្រោមស្នាដៃជាង ដ៏ចំណាន ត្រូវបានក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដំឡើងរួចរាល់នៅលើបល្ល័ង្គកម្ពស់ ៣ម៉ែត្រ ទទឹង ៣ម៉ែត្រ ខាងមុខ នាឡិកាធំ នៃរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូន មកទស្សនា នៅទីនេះ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារ អតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមមាននៅបរិវេណបាសាក់លែនផ្លូវ៣០៨ (Bassac Lane) និងបរិវេណផ្សារទួលទំពូងផ្លូវ ១៥៥។

បើតាមកម្មវិធីបានឱ្យដឹងថា ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ ដោយលេងល្បែងប្រជាប្រិយរបស់ជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕



ដោយ៖ សួស សំរិត





