កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនថ្ងៃ។ នេះបើយោងតាមប្រភពមួយបានប្រាប់សារព័ត៌មានតាសស៍ (TASS)។
យោងតាមព័ត៌មានរបស់លោកបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅពីក្រោយទ្វារបិទជិត។ លោកបាននិយាយថា សណ្ឋាគារ សេរ៉េណា គឺជាទីកន្លែងដែលទំនងបំផុត។ មុននេះ បុគ្គលិកសណ្ឋាគារម្នាក់បានប្រាប់សារព័ត៌មានតាសស៍ថា ទីកន្លែងនេះកំពុងរៀបចំដើម្បីទទួលគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
សន្និសីទសារព័ត៌មានមួយត្រូវបានគេរំពឹងថានឹងធ្វើឡើងបន្ទាប់ពីកិច្ចពិគ្រោះយោបល់។ ស្ថានទូតសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងប្រទេសប៉ាគីស្ថានមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មានតាសស៍ សម្រាប់ការធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃការរៀបចំសម្រាប់កិច្ចចរចាសហរដ្ឋអាមេរិក-អ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដនៅឡើយទេ។
វិធានការសន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងទាក់ទងនឹងកិច្ចចរចានាពេលខាងមុខនេះ។ យោងតាមអាជ្ញាធរ បានឱ្យដឹងថា វិធានការទាំងនេះមានបំណងធានានូវសុវត្ថិភាពរបស់គណៈប្រតិភូបរទេស។ តំបន់ដែលគេហៅថាតំបន់ក្រហម ជាកន្លែងដែលអគាររដ្ឋាភិបាល និងតំបន់ជាប់គ្នាស្ថិតនៅ ត្រូវបានបិទទាំងស្រុងចំពោះការដឹកជញ្ជូនគ្រប់ប្រភេទ លើកលែងតែយានយន្តពិសេស។
ថ្ងៃទី០៩ និងថ្ងៃទី១០ ខែមេសា ត្រូវបានប្រកាសជាថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដទាក់ទងនឹងកិច្ចចរចា។ យោងតាមការជូនដំណឹងពីរដ្ឋបាលក្រុង បានឱ្យដឹងថា ភ្នាក់ងារអនុវត្តច្បាប់ មណ្ឌលសុខភាព និងសេវាសាធារណៈនឹងបន្តដំណើរការដូចធម្មតា។ ប្រជាជននៅទីក្រុងអ៊ីស្លាម៉ាបាដត្រូវបានណែនាំឱ្យរៀបចំកាលវិភាគរបស់ពួកគេទៅតាមនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





