ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៤,៩រ៉ិចទ័រ បំផ្លាញផ្ទះជាង ១០០ខ្នង និងរបួសមនុស្សជាង ១០០នាក់
AKP ភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ -- អាជ្ញាធរមូលដ្ឋានបានរាយការណ៍កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ថា គ្រោះរញ្ជួយដីកម្រិត ៤,៩រ៉ិចទ័របានវាយប្រហារប្រទេសឥណ្ឌូណេស៊ីភាគខាងកើតនៅយប់ថ្ងៃទី០៨ ខែមេសា ដោយបានបំផ្លាញផ្ទះជាង ១០០ខ្នង និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។
យោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាមុនម៉ោង ១២:០០យប់ ក្នុងជម្រៅប្រហែល ១០,៤គីឡូម៉ែត្រ ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល ១០៤គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងមួម៉េរ៉េ ក្នុងខេត្តនូសាតេងហ្ការ៉ាខាងកើត។
ភូមិពីរនៅលើកោះតូចមួយឈ្មោះ អាដូណារ៉ា បានរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានផ្ទះជាង ១០០ខ្នងរងការខូចខាត និងយ៉ាងហោចណាស់មនុស្ស ២០នាក់រងរបួស។ នេះបើយោងតាមមន្ត្រីមូលដ្ឋាន លោក អ៊ីស្មែល ដាតុង បាន់ (Ismail Daton Ban)។
ប្រទេសឥណ្ឌូណេស៊ី និងប្រទេសជិតខាងជួបប្រទះនឹងគ្រោះរញ្ជួយដីជាញឹកញាប់ដោយសារតែទីតាំងរបស់ពួកគេនៅក្នុងរង្វង់ភ្លើងប៉ាស៊ីហ្វិក ដែលជាខ្សែកោងនៃសកម្មភាពរញ្ជួយដីខ្លាំងដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក។
នៅក្នុងឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩,១រ៉ិចទ័របានវាយប្រហារនៅភាគខាងលិចខេត្តអាសេហ៍ ដែលបណ្តាលឱ្យមានរលកយក្សស៊ូណាមិ និងសម្លាប់មនុស្សជាង ១៧០.០០០នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





