ក្នុងរយៈពេលត្រីមាសទី១ ស៊ីម៉ាក់ បានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង៤,០០០ហិកតា
AKP សៀមរាប ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងពិនិត្យដាក់ផែនការបន្តសម្រាប់ត្រីមាសទី២ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

ក្នុងអង្គប្រជុំ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញទាំងអស់ បានសម្តែងការគោរពដឹងគុណ និងរំលឹកដល់វីរភាពដ៏ឧត្តុង្គឧត្តមរបស់កងទ័ពកម្ពុជា ដែលបានពលីជីវិត និងរងរបួសក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងសង្រ្គាមកម្ពុជា-សៀម ឆ្នាំ២០២៥កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបពីបញ្ហាសង្រ្គាមដែលកំពុងកើតឡើងនៅលើសកលលោក រួមជាមួយបញ្ហាសង្រ្គាមតាមបណ្តោយព្រំដែនជាមួយសៀមឈ្លានពាន។

ឯកឧត្តមអគ្គនាយកបានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ដោយសារសង្គ្រាមនេះ អង្គភាពស៊ីម៉ាក់បានដាក់ចេញនូវការងារស្នូលចំនួន ៣ ជាអាទិភាព រួមមាន៖ ១. ជំរុញការអប់រំយល់ដឹងអំពីសំណល់ជាតិផ្ទុះពីសង្រ្គាម៖ បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជាពិសេសអំពីគ្រោះថ្នាក់នៃគ្រាប់បែកចង្កោម ក្នុងនោះ យើងមានកម្លាំងអ្នកស្ម័គ្រចិត្តចំនួន ១៤.០០០ នាក់ ដែលក្នុងនោះមានជាង ៥.០០០ នាក់ គឺជាកម្លាំងបង្គោលប្រចាំការនៅតាមភូមិរងគ្រោះផ្ទាល់។ ២. ការបោសសម្អាតយោងតាមការស្រាវជ្រាវ និងបោះស្លាកចម្ការមីនក្នុងភូមិរងគ្រោះទាំង ៣៤៩ និង៣. ឆ្លើយតបសំណើប្រជាពលរដ្ឋ អាជ្ញាធរ និងការសង្រ្គោះបន្ទាន់។

ជាលទ្ធផល យើងសម្រេចបាន២៧២ ភូមិរួចរាល់ ប៉ុន្តែនៅសល់៧៥ភូមិទៀត ដែលមានផ្ទៃដីប៉ះពាល់សរុបប្រមាណ ៣.៥០០ គីឡូម៉ែក្រឡា ដោយសារសង្រ្គាមឈ្លានពានសៀម ក្នុងនោះ តំបន់ពហុកោណដែលរងការទម្លាក់គ្រាប់បែកចង្កោមមានជាង៣.០០០កន្លែង ស្មើនឹងផ្ទៃដីប្រមាណ ២.៣០០ គីឡូម៉ែត្រក្រឡា។
ក្នុងរយៈពេល៣ខែត្រីមាសទី១ (មករា-មីនា ២០២៦) ឆ្នាំ២០២៦នេះ ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតរំដោះផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានជាង៤,០០០ហិកតា ស្រាវជ្រាវព័ត៌មាន និងដាក់កំណត់ទីតាំងចម្ការគ្រាប់សំណល់យុទ្ធភណ្ឌសៀមឈ្លានពានសម្រេចបានចំនួន៣៣២ភូមិ លើ៣៤៨ភូមិ ដោយបានកំណត់ប្លង់ចម្ការគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម មានចំនួនជាង៥.៣០០ពហុកោណ (polygons) មានផ្ទៃសរុបជាង៣.៦០០គីឡូម៉ែត្រ និងផ្តល់ការផ្សព្វផ្សាយអប់រំដោយសារសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមបានជាង២០ម៉ឺននាក់។ ក្នុងប្រតិបត្តិការត្រីមាសទី១ឆ្នាំ២០២៦ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន១១.៨៣៨គ្រាប់ និងឆ្លើយតបនូវតម្រូវការអន្តរាគមន៍បន្ទាន់ៗ (EOD Calls) របស់ប្រជាពលរដ្ឋបានចំនួន ១.៩៧៧ករណី។
តាមរយ:សមិទ្ធផលសម្រេចបាននេះ ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានចំនួនជាង៣៥៦.០០០គ្រួសារ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រើប្រាស់ដីធ្លីសម្រាប់បង្កបង្កើនផល សាងសង់លំនៅឋាន និងបម្រើដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាដូចជា វត្តអារាម មណ្ឌលសុខភាព និងសាលារៀនប្រកបសុវត្ថិភាព៕
ដោយ ឃុត សៅ





