អភិបាលក្រុងដូនកែវជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីចូលនិវត្តន៍
AKP តាកែវ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានជួបសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ដែលធ្លាប់បម្រើការងារនៅសាលាក្រុងដូនកែវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលក្រុងដូនកែវ និងអ៊ំ ពូ មីង មន្ត្រីរាជការចូលនិវត្តន៍ ចូលរួមជាច្រើនរូបផងដែរ។ ពិធីនោះរៀបចំឡើងនៅក្នុងបរិវេណសាលាក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក កង អាណាន់ បានសម្ដែងការដឹងគុណនិងអរគុណនូវគុណបំណាច់របស់មន្រ្តីរាជការចូលនិវត្តន៍ដែលធ្លាប់បម្រើការងារនៅសាលាក្រុងដូនកែវ។ ពួកគាត់ធ្លាប់បានលះបង់នូវកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងកិច្ចកសាងមាតុភូមិឱ្យមានការអភិវឌ្ឍរីកចម្រើន។ ម្យ៉ាងទៀតពួកគាត់បានបន្សល់នូវស្នាដៃជាកេរមរតកដ៏មានតម្លៃជាច្រើនរាប់មិនអស់បន្តឱ្យយុវជនជំនាន់ក្រោយ។ យើងខ្ញុំជាយុវជនជំនាន់ក្រោយបានចងចាំទុក ដោយមិនអាចបំភ្លេចបាន និងបន្តរៀនសូត្រពីគំរូវីរភាពនេះ ទុកជាបទពិសោធន៍សម្រាប់ធានាប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ក្នុងពេលបច្ចុប្បន្ន និងអនាគត។

លោកអភិបាលក្រុងបានមានប្រសាសន៍បន្តថា អ៊ំ ពូ មីង ទាំងអស់ សុទ្ធតែជាអ្នកត្រួសត្រាយផ្លូវ សម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ យ៉ាងណាមិញទោះពេលនេះ អ៊ំ ពូ មីង បានចូលនិវត្តន៍ទៅតាមវ័យដែលច្បាប់បានកំណត់ តែជាការគិតគូររបស់រាជរដ្ឋាភិបាល មានគោលនយោបាយគាំទ្រ ជីវភាពសុខភាព អ៊ំ ពូ មីង ជានិច្ច ដោយបានដំឡើងប្រាក់សោធននិវត្តន៍ មិនឱ្យឃ្លាតគ្នាច្រើន ផ្ដល់បណ្ណថែរក្សាសុខភាពជូនគ្រប់គ្នា និងសេវាសង្គមកិច្ចផ្សេងៗផងដែរ។

លោកអភិបាលក្រុងដូនកែវបានមានប្រសាសន៍បន្ថែមថា រាល់ស្នាដៃ និងការលះបង់របស់មន្ត្រីរៀមច្បង គឺជាគំរូវីរភាពដ៏ល្អសម្រាប់មន្ត្រីជំនាន់ក្រោយ។ ជានិច្ចកាលរដ្ឋបាលក្រុងតែងតែចងចាំ និងយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខនិងជីវភាពរស់នៅ របស់អ៊ំ ពូ មីង ដែលជាមន្ត្រីដែលបានចូលនិវត្តន៍។
នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ យុវជនជំនាន់ក្រោយដែលជាគណៈអភិបាលក្រុង និងមន្ត្រីរាជការនៃរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុងដូនកែវទាំងអស់ សូមជូនពរចំពោះអ៊ំ ពូ មីង សូមជួបនូវពុទ្ធពរជ័យទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ លោកអភិបាលក្រុងដូនកែវក៏បានជូនភេសជ្ជៈដល់អ៊ំ ពូ មីង មន្ត្រីរាជការចូលនិវត្តន៍ ក្នុងម្នាក់ៗទទួលបានទឹកក្រូច១កេស ទឹកសុទ្ធ១កេស និងថវិកាមួយចំនួនផងដែរ៕
ដោយ អ៊ុច សៀង





