រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣របស់ក្រុមប្រឹក្សាខេត្ត
AKP កំពង់ធំ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣របស់ក្រុមប្រឹក្សាខេត្តក្រោមវត្តមានឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការជាច្រើនរូបនៅសាលប្រជុំប្រាសាតោនៃរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តរួមមាន៖ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត។ ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦របស់រដ្ឋបាលខេត្ត និង៣.បញ្ហាផ្សេងៗ។

ឯកឧត្តមបានលើកឡើងថា របាយការណ៍ការអនុវត្តការងាររបស់រដ្ឋបាលខេត្តបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការអនុវត្តតួនាទី/ភារកិច្ចសិទ្ធិអំណាចនិងការទទួលខុសត្រូវខ្ពស់ តាមរយៈការធ្វើសកម្មភាពនានាដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើបច្ចុប្បន្នភាពអំពីគម្រោងនានារបស់រដ្ឋបាលខេត្តដែលបាន និងកំពុងដំណើរការហើយគម្រោងទាំងអស់នេះ នឹងធ្វើឱ្យខេត្តកំពង់ធំបានទាក់ទាញពីអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន។ជាក់ស្ដែងខេត្តកំពង់ធំរៀបចំស្តង់ពិព័រណ៍ផលិតផលខ្មែរដែលអញ្ជើញមកពី២៥រាជធានី/ខេត្ត ដើម្បីដាក់តាំងលក់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមជួយទិញផលិតផលខ្មែរឱ្យបានគ្រប់ៗគ្នា និងចូលរួមមកលេងសង្ក្រាន្តកំពង់ធំដែលប្រព្រឹត្តទៅនៅសួនមាត់ស្ទឹងសែន ខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា





