អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាក
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំចុះសួរសុខទុកប្រជាពលរដ្ឋជួបការលំបាកនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ រួមដំណើរដោយ ឯកឧត្តម សូ សុភ័ក្រ្ត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារសប្បុរសធម៌សម្តេច ហ៊ុន សែន សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ នាពេលបច្ចុប្បន្នបាន និងកំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័នដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀនគ្រប់កម្រិត វត្តអារាម ស្រះទឹក ប្រឡាយ សំណង់អគារខ្ពស់ៗ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពកាន់តែប្រសើឡើង ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរដ្ឋសភា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជនរួមជាតិទាំងអស់ដែលបានរួមសាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព និងសូមបន្តថែរក្សានូវអ្វីៗដែលជាសមិទ្ធផលយើងមាន សព្វថ្ងៃនេះ គឺជា មោទនភាពរបស់រាជរដ្ឋាភិបាលដែលដឹកនាំ។ ការដាក់ចេញ និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ សុខសន្តិភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋនៅក្នុងខេត្ត អាចគោរពព្រះពុទ្ធសាសនា និងជំនឿសាសនាដទៃនានាទៀតបានដោយមិនប្រកាន់ជាតិសាសន៍ណាឡើយ។ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មុនពិធីបុណ្យចូលឆ្នាំចូលមកដល់ យើងត្រូវសម្អាត តុបតែងផ្ទះ តុបតែងវត្តអារាម តុបតែងទីធ្លាសាធារណៈផ្សេងៗ បូកទាំងខ្ទមអ្នកតាមផង។ ក្រៅពីនោះ យើងត្រូវត្រៀម គ្រឿងរណ្ដាប់ទទួលទេវតា ដែលមានផ្លែឈើ ផ្កា ធូប ទៀន ដើម្បីអុចទទួលទេវតា។ ក្រៅពីហ្នឹង យើងមានរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃបង្សុកូល ជូនញាតិសន្តាន ដែលបានចែកឋានពិសេសឧទ្ទិសជូនដល់វីរកងទ័ពដែលលះបង់ ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសសៀម។

នៅក្នុងឱកាសនោះដែរឯកឧត្តម និងមន្ត្រីអមដំណើរ បាននាយកអំណោយ និងទេយ្យទានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែនចែកជូនប្រជាពលរដ្ឋចំនួន២៣០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន មានអង្ករចំនួន២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង និងថវិកាមួយចំនួនទៀតផងដែរ៕
ដោយ បៃ ស៊ីថុន





