សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបើកយុទ្ធនាការស្តីពីយុវជន និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
AKP កណ្ដាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦--ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រណៃណីជាតិខ្មែរ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបើកយុទ្ធនាការស្តីពី «យុវជន និងការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» ក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ឃុន សាម៉េង នាយកនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា ដោយបានការអញ្ជើញចូលរួមពីអនុសាខាក្រុងសំពៅពូន មន្ត្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងមន្ត្រីនគរបាលចរាចរណ៍សរុបចំនួន ជាង២០០នាក់។

លោក ហាក់ សុខមករា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយក្តីនឹងរលឹក ព្រមទាំងកោតសរសើរចំពោះមន្រ្តីរាជការ កងកម្លាំង មន្រ្តីប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលាដើម្បីចូលរួមយុទ្ធនាការនេះ។ លោកបានបញ្ជាក់ថា “យុទ្ធនាការនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក កត្តាគួរធ្វើ ឬមិនធ្វើពេលប្រើប្រាស់យានយន្ត និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលធ្វើដំណើរទោះជិតឬឆ្ងាយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍”។ ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ “សុវត្ថិភាពគឺចាប់ផ្ដើមពីយើងម្នាក់ៗ ហើយក្រៅពីសុវត្ថិភាពចរាចរណ៍គឺមានជំងឺឆ្លងនានាជាច្រើនផងដែរ ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ។ ហេតុដូចនេះ ភារកិច្ចរបស់យើងគឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមសហកាជាមួយមន្រ្តីប្រតិបត្តិសាខា និងមន្ត្រីនគរបាលចរាចរណ៍ជាប្រចាំ រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នាថ្ងៃនេះ។ អំឡុងពេលសកលលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិឡើងថ្លៃប្រេងឥន្ធនៈ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងដែលជិះដោយឥតគិតថ្លៃដែលផ្ដល់ជូនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





