ក្រសួងវប្បធម៌សម្រេចបើកទ្វារព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្សបណ្តោះអាសន្នដើម្បីសាធារណជនទស្សនាក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦—ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង សប្បុរសជននានា ក្រសួងបានបញ្ចប់ការជួសជុលព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០២៥កន្លងមកនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងនៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៦នេះថា ក្នុងគោលបំណងពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជាពង្រីកការអប់រំផ្សព្វផ្សាយអំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យបានទូលំទូលាយ ក្រសួងបានរៀបចំប្រែក្លាយអតីតព្រះវិហារនេះទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុបុរាណសំខាន់ៗមួយមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីតក្រុងឧដុង្គ ដើម្បីបើកជូនសាធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ នាពេលខាងមុខ។ 
ក្រសួងវប្បធម៌បានឱ្យដឹងដែរថាចំពោះកាលបរិច្ឆេទនៃការបើកទ្វារជូនសារធារណជនអាចចូលទស្សនាជាអចិន្ត្រៃយ៍ ក្រសួងនឹងជូនដំណឹងនាពេលក្រោយ បន្ទាប់ពីការងាររៀបចំដាក់តាំងទាំងអស់ត្រូវបានបញ្ចប់រួចរាល់។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឱ្យដឹងបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក្រសួងបានសម្រេចបើកទ្វារជាបណ្តោះអាសន្នជូនសាធារណជនចូលទស្សនារយៈពេល២សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់២៧ ខែមេសា ឆ្នាំ២០២៦៕

ដោយ៖មករា





