ក្រុមប្រឹក្សាខេត្តកណ្ដាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ អាណត្តិទី៤
AKP កណ្តាល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦—កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈសំខាន់ៗដែលបានគ្រោងទុក ហើយក៏ជាការជួបជុំគ្នាជាមួយគ្រប់បណ្តាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ អំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្តឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តម នូ បានធ្វើការកោតសសើរចំពោះ គ.ក.ស.ក.ខេត្ត ដែលបាន ចូលរួមចំណែកក្នុងការងារសេវាសង្គម។ ចំពោះការងារគាំពារសង្គម ជាការងារសំខាន់ និងស្នើមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចូលរួមសហការជាមួយ គ.ក.ស.ក.ខេត្ត ឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះ គ.ក.ស.ក.ខេត្ត ដែលបានសហការជាមួយអាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យតាមដានស្ថានភាពជម្ងឺរមាស់ដែលកើតមានក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ និងតាមរយៈការចុះផ្ទាល់លើករណីផ្សេងៗទៀត ដើម្បីក្ដាប់អំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការ លើកកម្ពស់ស្ត្រី យុវវ័យ និងកុមារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំឱ្យ មន្ទីរនានាជុំវិញខេត្ត បន្តលើកកម្ពស់តួនាទីភារកិច្ច ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរនៅតាមមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាពិសេសត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។

សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ០៩របៀបវារៈ សំខាន់ៗ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





