ឯកឧត្ដម ជា សុមេធី ចូលរួម ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម លើកទី១៣ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦—នៅទីស្ដីការ ក្រសួងសង្គមកិច្ច នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំកម្មវិធីអបអរសាទរ ទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថលនិងបរិយាបន្នជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមលើគ្រប់វិស័យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន។

ទិវានេះមានការចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អង្គការដៃគូពាក់ព័ន្ធ ជនមានពិការភាពនិងអាណាព្យាបាល សរុបចំនួន ៣៣៣នាក់។
ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើរបាយការណ៍ជូនអង្គពិធីថា ទិវាអូទីស្សឹមពិភពលោក ត្រូវបានកំណត់យកថ្ងៃទី២ ខែមេសា ជារៀង រាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៨ ស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលេខ A/RES/62/139 ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨ ដោយឡែកទិវាដោនស៊ីនដ្រូម ត្រូវបានកំណត់ប្រារព្ធនៅថ្ងៃទី២១ ខែមីនា ជារៀងរាល់ឆ្នាំ ស្របតាម សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ លេខ A/RES/66/149 ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។ សេចក្តីសម្រេចទាំងពីរនេះ គឺជាការចង្អុលបង្ហាញនិងណែនាំដល់ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ត្រូវរៀបចំទិវាលើកកម្ពស់ការយល់ដឹងពីអូទីស្សឹមនិងដោនស៊ីនដ្រូមទៅតាមបរិបទនិងវប្បធម៌នៃប្រទេសនីមួយៗចាប់តាំងពីថ្ងៃចេញសេចក្តីសម្រេចមក។ ជាទូទៅទិវាទាំងពីរនេះរៀបចំឡើងក្នុងគោលបំណង បង្កើនការយល់ដឹងជាសាធារណៈ លើកកម្ពស់សិទ្ធិ សុខុមាលភាព សមធម៌ និងបរិយាបន្ន ជំរុញការចូលរួមពេញលេញរបស់ជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម ដើម្បីកាត់បន្ថយការរើសអើង ផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទអវិជ្ជមាន តាមរយៈការចូលរួមនិងគាំទ្រពីគ្រួសារ សហគមន៍ និងសង្គម។

ក្នុងឱកាសនេះ ឯកឧត្ដម រដ្ឋមន្ដ្រី ជា សុមេធី បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនដើម្បីឱ្យការងារ ពាក់ព័ន្ធអូទីស្សឹមនិងដោនស៊ីនដ្រូមទទួលបានជោគជ័យ ដូចខាងក្រោម ទី១ បង្កើនការយល់ដឹងអំពីពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមដល់ឱពុកម្តាយ អាណាព្យាបាល សមាជិក គ្រួសារ ឬអ្នកជិតខាងនៅក្នុងសហគមន៍ ទី២ ជំរុញ លើកទឹកចិត្ត និងគាំទ្រការបង្កើតសាលានិងកម្មវិធីសិក្សាដែលសមស្របសម្រាប់កុមារមានតម្រូវការពិសេសនៅតាមសាលាចំណេះទូទៅរដ្ឋនិងឯកជន រួមទាំងបណ្តុះបណ្តាលជំនាញ អប់រំពិសេសដល់គ្រូបង្រៀន ទី៣ បណ្តុះបណ្តាលអ្នកជំនាញឯកទេសក្នុងការកំណត់និងវាយតម្លៃប្រភេទពិការភាពអូទីស្សឹមនិង ដោនស៊ីនដ្រូមនៅទូទាំងប្រទេស ទី៤ បង្កើនឱកាសដល់ជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមក្នុងការចូលរួមសកម្មភាពនានា ក្នុងសង្គម ទី៥ រៀបចំវគ្គបណ្តុះបណ្តាលអំពីជំនាញដើម្បីទទួលបានការងារសមស្រប ទី៦ ផ្សព្វផ្សាយការយល់ដឹងអំពីពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមដល់អាជ្ញាធរមូលដ្ឋាន និងអ្នកកសាងគោលនយោបាយ ទី៧ ជំរុញនិងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគាំទ្របច្ចេកទេសនិងថវិកាដល់គម្រោងសកម្មភាពពាក់ព័ន្ធជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម។

ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវសហការជាមួយក្រសួងសុខាភិបាលក្នុងការផ្សព្វផ្សាយឱ្យមានការយល់ដឹងពាក់ព័ន្ធពិការភាពអូទីស្សឹមនិងដោយស៊ីនដ្រូម ។ ត្រូវផលិតវិដេអូអប់រំអំពីពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូមដើម្បីផ្សព្វផ្សាយដល់សាធារណៈជន ។ ត្រូវរៀបចំកម្មវិធីចុះធ្វើទស្សនកិច្ចនៅតាមទីតាំងសាលាដែលផ្តល់ការអប់រំដល់ជនមានពិការភាពអូទីស្សឹមនិងដោនស៊ីនដ្រូម និង រៀបចំផែនការចុះសាកសួរសុខទុក្ខកុមារមានអូទីស្សឹមនិងដោយស៊ីនដ្រូមនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រុមប្រឹក្សាសកម្មភាពជនពិការ)





