ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស (Institut Pasteur, Paris) សាធារណរដ្ឋបារាំង។ គណ:ប្រតិភូបានទទួលការស្វាគមន៍ដោយលោក អ៊ីវ សាំងហ្សួរ (M. Yves Saint-Geours) ប្រធានក្រុមប្រឹក្សាភិបាល លោកស្រីសាស្ត្រាចារ្យ យ៉ាសមីន បែលកេដ (Pr Yasmine BELKAID) អគ្គនាយិកា និងលោកស្រី អូដែត តូម៉េសគុយអាត់តូ (Mme Odette Tomescu-Hatto) ទទួលទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស រួមទាំងសហការី និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសម្តែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំវិទ្យាស្ថានប៉ាស្ទ័រដែលបានរៀបចំការទទួលស្វាគមន៍គណ:ប្រតិភូសុខាភិបាលយ៉ាងកក់ក្តៅ និងប្រកបដោយភាតរភាពយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមសាស្រ្តាចារ្យបានថ្លែងអំណរគុណវិទ្យាស្ថានប៉ាស្ទ័រប៉ារីសដែលបានខិតខំ និងកំពុងបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយ:វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយសុខាភិបាលកម្ពុជាទប់ស្កាត់ បង្ការ ស្រាវជ្រាវរួមគ្នាលើផ្នែកជាច្រើន ពិសេសលើកផ្នែកជំងឺឆ្លង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស គម្រោងសិក្សាស្រាវជ្រាវ និងទំនើបកម្មមន្ទីរពិសោធន៍កម្រិតស្តង់ដារសាកល។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សហភាតរសុខាភិបាល ដែលតែងតែសហការគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើការងារនានាពិសេសការងារសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងប្តេជ្ញាសហការគាំទ្រលើកម្មវិធីសុខភាពតែមួយ (One Health) ដែលកម្ពុជាបាន និងកំពុងដើរតួជាប្រទេសគំរូ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





