ឯកឧត្ដមម៉ប់ សារិន៖ រថយន្ដក្រុង៦០០គ្រឿងនៅតែដឹក ជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ខណៈប្រេងឥន្ធនៈឡើងថ្លៃយ៉ាងណាក្ដី
AKP ភ្នំពេញថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រថយន្ដក្រុង៦០០គ្រឿងនៅតែដំណើរការដឹក ជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បើទោះបី ប្រេងឥន្ធនៈឡើងថ្លៃយ៉ាងណាក្ដី ។
ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម ហួត ហៃ អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន បានមានប្រសាស ន៍ថារាជរដ្ឋាភិ បាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សន្សំសំចៃពីការចំណាយផ្សេងៗដោយសារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួលពិ សេស គឺតម្លៃប្រេងបានកើនឡើងយ៉ាងគំហុកមិនថានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលប្រទេសផ្សេងៗ នៅលើពិភពលោក ដែលផ្តើមឡើងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីស្រាអែលអាមេរិកនិងអ៊ីរ៉ង់ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមម៉ប់ សារិន ក៏ដូចជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបាន រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរ ដ្ឋបានយ៉ាងល្អ ជាមួយនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក៏អនុវត្តបានយ៉ាងល្អប្រសើរផងដែរ។។

ឯកឧត្ដម ម៉ប់ សារិន និងសមាជិកក្រុមប្រឹក្សា បានលើកឡើងទៀតថា៖ បើទោះបីប្រេងឥន្ធនៈមានការកើន ឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញនៅតែ ប្រើប្រាស់រថយន្តក្រុងប្រមាណ ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែល។នេះបានបង្ហាញឲ្យឃើញពីការគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ 
នៅក្នុងឱកាសនោះឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីក៏បានលើកឡើងពីផលប៉ះពាល់ដែលបណ្ដាលមកពីការឡើងថ្លៃប្រេងឥន្ធនៈ និងបានលើកឡើងពីការគិតគូរបស់រាជរដ្ឋាភិបាល ជុំវិញតម្លៃប្រេងឡើងថ្លៃនេះផងដែរដោយរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការទប់ស្កាត់កុំឱ្យតម្លៃប្រេងឡើងថ្លៃស្រេចតែចិត្ត។ ជាមួយគ្នានោះដែរ ឯកឧត្ដមហួត ហៃក៏បានអំពាវនាវឲ្យរួមគ្នាសន្សំសំចៃ ក្នុងការចំណាយផ្សេងៗផងដែរ។ 
ជុំវិញពិធីបុណ្យចូលឆ្នាំថ្មីនេះ ឯកឧត្ដម ហួត ហៃក៏បានបញ្ជាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងសហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ប្រារព្វព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ មាន៦ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ដោយក្រៅ ពិធីសប្បាយៗតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ យើង ក៏មានការដង្ហែរពុទ្ធដិមាករពីវត្តឧណ្ណាលោមមក កាន់វត្តភ្នំ ដែលពិធីនេះធ្វើឡើងធំជាងបណ្ដាលឆ្នាំកន្លងទៅ ដោយក្បួនដង្ហែរនេះមានរហូតទៅដល់២០ផែន។
បន្ថែមពីលើនេះឯកឧត្ដមហួត ហៃ ក៏បានថ្លែងនូវការអរ គុណចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានកោត សរសើរដល់ ការងាររបស់រដ្ឋបាលរាជធានីកន្លងមក។
ឯកឧត្ដមបន្តទៀតថា ការកោតសរសើររបស់ក្រុមប្រសាលរាជធានីភ្នំពេញ គឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត៕
ដោយ៖ សួស សំរិត





