រូបសំណាកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សង់រួចបណ្តើរៗហើយ ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នាឱកាសឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦-- រូបសំណាកទូករាជហង្ស ទូករទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាកជាច្រើនមុខទៀត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សង់រួចបណ្តើរៗហើយ ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ។ គិតមកដល់ថ្ងៃទី០៨ ខែមេសា ២០២៦នេះ មន្ដ្រីជំនាញនៅរាជធានីភ្នំពេញ អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងតែមមាញឹកញាប់ដៃញាប់ជើងសំរុករៀបចំតុបតែងលម្អរសោភ័ណភាពនៅតាមទីកន្លែងសំខាន់មួយចំនួនដូចជាសួនច្បារសាធារណៈ ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិ សាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស. ២០២៦ កាន់តែខិតជិតមកដល់ហើយនោះ។

លោកស្រី ដោ សម្ផស្ស អ្នកនាំសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ខាងជំនាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក៏កំពុងរៀបចំតុបតែងលម្អ ពិសេសភូមិវប្បធម៌ ក៏ដូចទីតាំងផ្សេងៗទៀតដែរ។ នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការកសាងរូបសំណាកសេះពណ៌មាសដ៏អង់អាច អមដោយរូបសំណាកចាប៉ីដងវែងដ៏ធំមួយក៏រួចរាល់ ជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូករទេះសាលី រូបសំណាកមង្កុដយក្ស រូបសំណាកជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។

មន្ត្រីជំនាញវប្បធម៌ និងវិចិត្រសីល្បៈ បានឱ្យដឹងថា រូបសំណាកសេះពណ៌មាសដ៏ធំអង់អាចក្លាហានតំណាងឱ្យឆ្នាំមមី ធ្វើពីឫស្សី មានកម្ពស់ ៣,៨៩ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណាន ត្រូវបានក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញដំឡើងរួចរាល់នៅលើបល្ល័ង្កកម្ពស់៣ម៉ែត្រ ទទឹង៣ម៉ែត្រខាងមុខ នាឡិកាធំ នៃរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំរង់ចាំទទួលស្វាគមន៍ពុកម៉ែ មីង អ៊ំ បងប្អូន មកទស្សនា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើងក្នុងរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍“នគរសង្ក្រាន្ត” រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារ អតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមមាននៅបរិវេណបាសាក់លែន ផ្លូវ៣០៨ និងបរិវេណផ្សារទួលទំពូង ផ្លូវ១៥៥។

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង បើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕
ដោយ សួស សំរិត





