ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃសំបុត្រពិសេសសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៦ -- ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងបង្កើនជម្រើសធ្វើដំណើរសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជាដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញរបស់ខ្លួនពេញមួយរដូវក្តៅនេះ និងការបង្កើនប្រតិបត្តិការក្នុងស្រុកវៀតណាមរបស់ខ្លួនក្នុងអំឡុងពេលវិស្សមកាលនាពេលខាងមុខនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ចាប់ពីពេលនេះ រហូតដល់ម៉ោង ២៣:០០ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ អ្នកដំណើរអាចប្រើប្រាស់លេខកូដប្រូម៉ូសិន SALE20 ដើម្បីទទួលបានការបញ្ចុះតម្លៃ ២០% នៅពេលកក់សំបុត្រ Deluxe, SkyBoss និង Business (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលផ្តល់នូវឱកាសដ៏ល្អមួយដើម្បីរៀបចំផែនការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងវិស្សមកាលរដូវក្តៅនៅទូទាំងបណ្តាញរបស់ Vietjet។

លើសពីនេះ ក្រុមហ៊ុន Vietjet នឹងបន្ថែមជើងហោះហើរប្រមាណ ៥០០ ជើង ទូទាំងប្រទេសវៀតណាម ចន្លោះថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦ ដែលជាការកើនឡើង ១៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញតម្រូវការធ្វើដំណើរដែលកំពុងកើនឡើងក្នុងអំឡុងពេលវិស្សមកាលដែលមានការធ្វើដំណើរដ៏មមាញឹករបស់ប្រទេសវៀតណាម។ សមត្ថភាពកៅអីក្នុងស្រុកសរុបក្នុងអំឡុងពេលនេះ ត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែល ៨៣២ ០០០ កៅអី ដែលជាការកើនឡើង ១៣០ ០០០ កៅអី ឬ ១៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាប និងទីក្រុងហាណូយ ដើម្បីដើរកម្សាន្តនៅរដ្ឋធានីដ៏រស់រវើក និងសម្បូរទៅដោយវប្បធម៌របស់ប្រទេសវៀតណាមកាន់តែមានភាពងាយស្រួល។ តាមរយៈទីក្រុងហាណូយ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចតភ្ជាប់ទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម និងតំបន់អាស៊ីប៉ាស៊ីហ្វិកបានយ៉ាងងាយស្រួល៕
ដោយ៖ រិទ្ធី





