មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះពិនិត្យ និងជំរុញការអភិវឌ្ឍផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម លើផលិតកម្មស្ពៃក្ដោប និងការ៉ុត ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្រសួងកសិកម្មបានឱ្យដឹងថា ក្រុមការងាររបស់ក្រសួងកសិកម្មនេះ បានជួបសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនកសិករនារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ក្នុងគោលបំណង ជំរុញផលិតកម្មដំណាំបន្លែ ព្រមទាំងស្វែងយល់អំពីស្ថានភាពផលិតកម្ម វឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗ ដែលកើតមានក្នុងផលិតកម្មនាពេលបច្ចុប្បន្ន និងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារអនុវត្ដគម្រោង CaWSIP-MAFF បានពិភាក្សាស្របលើដំណោះស្រាយសមស្រប ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងជំរុញបង្កើនប្រសិទ្ធភាពផលិតកម្មដំណាំបន្ថែមទៀត៕


ដោយ៖ មករា





