ក្រុមប្រឹក្សាខេត្តតាកែវ រៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៤ ជាមួយរដ្ឋបាលខេត្តតាកែវ
AKP តាកែវថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៦--មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ជាមួយរដ្ឋបាលខេត្តតាកែវ ឯកឧត្តម ឆន ឈិន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តតាកែវ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំ ពិធីអបអរសាទរ"តាកែវសង្ក្រាន្តឆ្នាំ2026" ឱ្យកាន់តែអធិកអធម។

កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំធំអគារច្រកចេញចូលតែមួយ រដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃពុធ៦រោចខែចេត្រឆ្នាំម្សាញ់សប្ដស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៨ខែមេសាឆ្នាំ២០២៦។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុម ប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចូលរួមជាច្រើនរូបផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុម ប្រឹក្សាខេត្តតាកែវ ក្នុងពេលនោះ ឯកឧត្តម ឆន ឈិន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានធ្វើការកោតសរសើរនិងមានមោទនភាព ចំពោះរដ្ឋបាលខេត្តតា កែវ ដែលទើបនឹងបានរៀបចំពិធីប្រណាំងរទេះសាឡី ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំ២០២៦ ប្រកបដោយជោគ ជ័យ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកចូលរួមទស្សនាលេងកម្សា ន្តយ៉ាងច្រើនកុះករ។
ឯកឧត្តម ឆន ឈិន បានមានប្រសាសន៍បន្តថា ការសម្រេចបានជោគជ័យនូវស មិទ្ធផលទាំងនេះ គឺជាមោទនភាពដល់ខេត្តនិងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូល។ភាពជោគជ័យនេះគឺកើតចេញពីការដឹកនាំរបស់ក្រុមប្រឹក្សាខេត្តតាកែវ ជាពិសេសគណៈអភិបា លខេត្តតាកែវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តតាកែវផងដែរ។ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានធ្វើឱ្យមានសមិទ្ធផលជាច្រើន បានកើតឡើងក្នុងខេត្តតាកែវ ដែលនាំឱ្យខេត្តតាកែវមានការអភិវឌ្ឍរីកចម្រើនថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានលើកឡើងថា នៅក្នុងពិធីសង្ក្រាន្តតាកែវខាងមុខនេះ អាជ្ញាធរក្រុង-ស្រុកជាពិសេសអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ក្នុងការរៀបចំតែងលម្អកន្លែងរៀបចំសង្ក្រាន្ត នៅសួនច្បារមាត់បឹងតាកែវឱ្យមានភាពស្រស់បំព្រង ដើម្បីបង្កលក្ខណៈងាយ ស្រួល ឱ្យបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត នៅមាត់បឹងតាកែវឱ្យកាន់តែច្រើនដូចបណ្ដាឆ្នាំកន្លងមក។
ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៏បានលើកឡើងផងដែរ ពីការរៀបចំផែនការការពារសុវត្ថិភាព សន្តិសុខ ដោយកងកម្លាំងមានសម ត្ថកិច្ច បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការការពារសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ មិនឱ្យមានបញ្ហាអ្វីកើតឡើងនោះទេ៕
ដោយ៖អ៊ុច សៀង





