អភិបាលស្រុកប្រាសាទសំបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន បេតុងអាមេ០១កន្លែងនៅឃុំសំបូរណ៍
AKPកំពង់ធំថ្ងៃទី០៩ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ កាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងអាមេមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់លោក ទួន ឆេន មេឃុំសំបូរណ៍ បានឱ្យដឹងថាស្ពានបេតុងនេះមានប្រវែង ១៥ ម៉ែត្រ ទទឹង៥ម៉ែត្រនិងកម្ពស់៣ម៉ែត្រចាប់ផ្តើមសាងសង់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ដោយចំណាយអថវិកាសរុបចំនួន៤២០លានរៀលដែលជាថវិកាមូលនិធិឃុំ ឆ្នាំ២០២៥។ស្ពាននេះនឹងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន០៨ភូមិ ស្មើនឹង១៣២៨គ្រួសារដែលមានប្រជាពលរដ្ឋសរុប ៦២២៧នាក់(ស្រី ៣១២៨ នាក់)។

ក្នុងឱកាសនោះឯកឧត្តមឃីម សុខឃាងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលស្រុកបានសង្កត់ធ្ងន់ថា រាល់សមិទ្ធផលថ្មីៗដែលកើតមាន ឡើងដូចជា ស្ពាន ផ្លូវកៅស៊ូ និងសាលារៀន គឺជាផ្លែផ្កានៃសន្តិភាពនិងជាការខិតខំប្រឹង ប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងគោល បំណងបម្រើនិងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះឯកឧត្តមក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ប្រជាពលរដ្ឋរួមមាន៖
១.ត្រូវរួមគ្នាដាំដើមឈើនិងសម្អាតអនាម័យក្នុងគ្រួសារក៏ដូចជាមូលដ្ឋានឱ្យបានស្អាតជានិច្ច។២.ត្រូវជំរុញនិងលើក ទឹកចិត្តកូនចៅឱ្យរៀនសូត្របានខ្ពង់ខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ។ ៣.ត្រូវមានសេចក្តីស្មោះត្រង់ រក្សាសាម គ្គីភាព ចេះស្រឡាញ់គ្នាពិតប្រាកដ និងដាច់ខាតមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និង៤.ត្រូវចេះគ្រប់គ្រងពេលវេលាឱ្យមានប្រយោ ជន៍និងមានវិន័យក្នុងការរស់នៅ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានដាស់តឿនដល់ប្រជាពលរដ្ឋថាសត្រូវធំបំផុតរបស់យើងគឺអវិជ្ជា(ការខ្វះចំណេះ ដឹង ភាពខ្ជិលច្រអូស និងការមិនម្ចាស់ការលើខ្លួនឯង)ដូច្នេះសូមបងប្អូនត្រូវខិតខំរៀនសូត្រនិងចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អដើម្បីកសាងអនាគតដ៏រុងរឿង៕
ដោយ៖ ស៊ុម វណ្ណា





