រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំត្រៀមយុទ្ធនាការ ក្រុងស្រុកស្អាត សង្ក្រាន្តសប្បាយ ដើម្បីទទួលទេវតាឆ្នាំថ្មី ក្នុងស្មារតីអនាម័យ និងបរិស្ថានស្រស់បំព្រង
AKP ឧត្តរមានជ័យ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ម៉េត មាសភក្តីអភិបាលរង ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនាម័យ បរិស្ថាន និងការត្រៀមសម្អាតក្រុងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅសាលាខេត្ត ដោយមានការចូលរួមពីលោក ប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោង អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម ម៉េត មាសភក្តីថា បានលើកឡើងថាការរក្សាបាននូវទីក្រុងស្អាត និងមានអនាម័យល្អ គឺជាការផ្ដល់នូវសោភ័ណភាព និងភាពរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ហេតុនេះរដ្ឋបាលក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធបំផុត ជាពិសេសការគ្រប់គ្រងសណ្ដាប់ធ្នាប់អនាម័យនៅតាមទីតាំងរៀបចំសង្ក្រាន្ត ដើម្បីធានាឱ្យបាននូវ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

អភិបាលរងខេត្ត បន្ថែមថា រដ្ឋបាលក្រុងស្រុក ត្រូវធ្វើការផ្សព្វផ្សាយនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្ត មេត្តាចូលរួមទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងសេចក្ដីថ្លៃថ្នូរក្នុងក្រុងស្រុកយើងទាំងអស់គ្នា៕

ដោយ៖ ទិត ស្រ៊





