ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃពុធកើនឡើងដល់ ១១២នាក់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១១២នាក់ត្រូវបានសម្លាប់ និង ៨៣៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កាលពីថ្ងៃពុធម្សិលមិញនេះ ដោយបានកត់សម្គាល់ថា នេះត្រឹមតែជាតួលេខបឋមប៉ុណ្ណោះ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងជាង១០០កន្លែងក្នុងរយៈពេល ១០នាទីនៅទូទាំងទីក្រុងបេរូត ជ្រលងភ្នំបេកា និងភាគខាងត្បូងប្រទេសលីបង់ ដោយបានពណ៌នាថា វាជារលកនៃការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកនាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក រ៉ាកាន ណាសឺរ៉េដឌីន (RakanNassereddine) បានប្រាប់សារព័ត៌មានអាល់ចាហ្ស៊ីរ៉ាថា «យើងកំពុងប្រឈមមុខនឹងការកើនឡើងដ៏គ្រោះថ្នាក់ដែលបានកើតឡើងនៅក្នុងប្រទេសលីបង់ ដែលជាការឈ្លានពានរបស់អ៊ីស្រាអែលជាមួយនឹងការវាយប្រហារតាមអាកាសជាង ១០០ដង ដែលកំណត់គោលដៅលើជនស៊ីវិលស្លូតត្រង់នៅក្នុងទីក្រុងបេរូត ដាហ៊ីយេ បេកា ភ្នំលីបង់ និងភាគខាងត្បូង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





