ខេត្តព្រះវិហារ និងខេត្តហ្សាឡាយ របស់វៀតណាម ប្តេជ្ញាពង្រឹងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ
AKP ព្រះវិហារ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ខេត្តហ្សាឡាយ ដឹកនាំដោយ ឯកឧត្តម Pham Anh Tuan សមាជិកគណៈមជ្ឈិមបក្ស និងជាប្រធានគណៈ កម្មាធិការប្រជាជនខេត្តហ្សាឡាយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និង ចូលរួមអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយថ្នាក់ដឹកនាំខេត្ត នៅសាលប្រជុំសាលា ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមិត្តខេត្តហ្សាឡាយ ដែលបានបង្ហាញមនោសញ្ចេតនាបងប្អូនដ៏រឹងមាំ តាមរយៈការឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋ ចំនួន១៥០០គ្រួសារ នៅតាមមណ្ឌលសុវត្ថិភាពជនភៀសឹកខេត្តព្រះវិហារ ដែលជាការរួមចំណែកសំខាន់ក្នុងការកាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗជាច្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែប្រសើរស៊ីជម្រៅ និងមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀតរវាងខេត្តទាំងពីរ ខេត្តព្រះវិហារនិងខេត្តហ្សាឡាយ សាធា រណរដ្ឋសង្គមនិយមវៀតណាម ៕

ដោយ៖ ទិត ស្រ៊





