ថ្នាក់ដឹកនាំខេត្ត ជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលា ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP បាត់ដំបង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់រូបដែលបានខិតខំបំពេញការងារបានយ៉ាងល្អ និងត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ មន្រ្តីរាជការត្រូវពង្រឹងសាមគ្គីភាពជួយគ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនិងបន្តបំពេញបេសកកម្មការងារបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ដោយឯកឧត្តមបានចាត់ទុកការហត់នឿយរបស់មន្រ្តីរាជការ គឺជាក្ដីសុខរបស់រាស្រ្ត។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តបាត់ដំបងយ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា ថៃ និងការអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋភៀសសឹកក៏ដូចជាគ្រួសារកងទ័ព ៕

ដោយ៖ ណយ នឿន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





