ជម្លោះធ្វើឱ្យសន្តិសុខស្បៀងអាហារនៅអាហ្វ្រិកស្ថិតក្នុងហានិភ័យ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងកាន់តែខ្លាំងឡើងដល់សន្តិសុខស្បៀងអាហារនៅទូទាំងទ្វីបអាហ្វ្រិក ដោយទីភ្នាក់ងារពិភពលោកបានព្រមានថា ផលវិបាកពីការរំខានដល់វិស័យថាមពល ជី និងពាណិជ្ជកម្មអាចជំរុញឱ្យមនុស្សរាប់លាននាក់ទៀតធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន។
វិបត្តិនេះ ដែលផ្តោតសំខាន់នៅក្នុងតំបន់ឈូងសមុទ្រដែលសម្បូរប្រេងនិងគំរាមកំហែងដល់ច្រកសមុទ្រហ័រមុស កំពុងបង្កការរំខាន់ដល់ការឆ្លងកាត់ទីផ្សារទំនិញសកលលោករួចទៅហើយ ដែលជំរុញឱ្យមានការព្រួយបារម្ភថាការកើនឡើងបន្ថែមទៀតអាចបង្កឱ្យមានវិបត្តិសន្តិសុខស្បៀងអាហារកាន់តែទូលំទូលាយនៅទូទាំងទ្វីបអាហ្វ្រិក។ នេះបើយោងតាមអ្នកវិភាគ។
ប្រសិនបើជម្លោះនៅតែបន្តរហូតដល់ពាក់កណ្តាលឆ្នាំ ហើយតម្លៃប្រេងនៅតែលើសពី ១០០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល កម្មវិធីស្បៀងអាហារពិភពលោកបានព្រមានថា មនុស្សចំនួន ៤៥លាននាក់បន្ថែមទៀតនៅទូទាំងពិភពលោកអាចធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងអាហារស្រួចស្រាវនៅក្នុងឆ្នាំ២០២៦។
កម្មវិធីស្បៀងអាហារពិភពលោកបានប៉ាន់ប្រមាណថា ចំនួនមនុស្សដែលប្រឈមមុខនឹងភាពអត់ឃ្លានស្រួចស្រាវនៅទូទាំងពិភពលោកអាចកើនឡើងពីមូលដ្ឋានមុនសង្គ្រាមចំនួន ៣១៨លាននាក់ ដល់ប្រហែល៣៦៣លាននាក់នៅក្នុងឆ្នាំនេះ ប្រសិនបើសង្គ្រាមនៅតែបន្តរហូតដល់ត្រីមាសទីពីរ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងការវិភាគអំពីផលប៉ះពាល់ដែលអាចកើតមាននៃជម្លោះថា «អនុតំបន់សាហារ៉ាអាហ្វ្រិកត្រូវបានគេរំពឹងថានឹងទទួលចំណែកធំបំផុតនៃការកើនឡើងនេះ»។
វាបានព្យាករណ៍ថា មនុស្ស ២៨លាននាក់បន្ថែមទៀតនៅក្នុងតំបន់នេះអាចប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារស្រួចស្រាវ ដោយក្នុងនោះរួមមាន ១៦លាននាក់នៅអាហ្វ្រិកខាងកើត និងខាងត្បូង និង ១២លាននាក់នៅអាហ្វ្រិកខាងលិច និងកណ្តាល។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិក៏បានព្រមានផងដែរថា អរិភាពដែលកំពុងកើនឡើងនៅជុំវិញប្រទេសអ៊ីរ៉ង់ និងមជ្ឈិមបូព៌ាទាំងមូល កំពុងបង្កើនហានិភ័យយ៉ាងខ្លាំងដល់ប្រព័ន្ធថាមពល ជីនិងកសិ-ចំណីអាហារសកលលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





