ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់នាយទាហាន និងពលទាហាន ការពារព្រំដែននៅខេត្ត ព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP ព្រះវិហារ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម មាស សុខសេនសានរដ្ឋលេ ខាធិការ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញ វត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទៅចែកជូននាយទាហាន និងពលទាហាន នៃអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូ មិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលស្ថិតនៅខេត្តព្រះវិហារ នាឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម មាស សុខសេនសាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុងឈរ ជើងការពារព្រំដែននៅសមរភូមិមុខ ព្រមទាំងការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ជូនចំពោះក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី ដើដើម្បីអធិបតេយ្យជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាពរវាងកងទ័ព និងស្ថាប័នអង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់វីរៈកងទ័ពឱ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ជាក់ ស្តែងលើកនេះ គឺជាលើកទី៣៦ គិតចាប់ តាំងពីឆ្នាំ២០០៨ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូនកងទាហាន និងកងនគរបា ល ការពារព្រំដែនគោក នៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម មាស សុខសេនសាន ក៏បានកោតសរសើរ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងប្អនវីរៈកងទ័ព និងវីរៈនគរបាលទាំងអស់ដែលឈរជើងនៅសមរភូមិមុខតំបន់មុំបីនេះ ព្រមទាំងពាំនាំយកនូវអំណោយជាថវិកាមកចែកជូនក្នុងម្នាក់ៗចំនួន ៥០ ០០០រៀល អង្គភាពនីមួយៗចំនួន ២លានរៀល រួមជាមួយរថយន្ត ម៉ូតូ គ្រឿងបរិក្ខារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថ្នាំពេទ្យមួយចំនួនផង សរុបជាថវិកាប្រមាណ ៥១៣លានរៀល។ បន្ថែមលើនេះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង៥ខេត្ត រួមមាន ខេត្តព្រះវិ ហារ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក៏បានចូលរួមចំណែកក្នុងការឧបត្ថម្ភថវិការួមគ្នាចំនួន ១០លានរៀល ជូនទៅអង្គភាព ក្នុងមួយអង្គភាពទទួលបានចំនួន ៥លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ៕
ដោយ៖ ទិត ស្រ៊





