លោក ឡាវរ៉ូវ៖ ផ្លូវសមុទ្រខាងជើងនឹងមានសារៈសំខាន់ជាពិសេសនៅក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ -- ការប្រើប្រាស់ផ្លូវសមុទ្រខាងជើងនៅក្នុងស្ថានភាពអន្តរជាតិបច្ចុប្បន្ននឹងមានសារៈសំខាន់ជាពិសេសហើយភាពជឿជាក់របស់វានឹងកើនឡើង។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃពុធ។
លោក ឡាវរ៉ូវ បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៃប្រមុខអង្គភាពធម្មនុញ្ញនៃប្រទេសរុស្ស៊ី ក្រោមការឧបត្ថម្ភរបស់ក្រសួងការបរទេសថា«នៅក្នុងស្ថានភាពដែលបានវិវឌ្ឍន៍យ៉ាងពិតប្រាកដក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បញ្ហានេះនឹងមានសារៈសំខាន់កាន់តែខ្លាំងឡើងទាក់ទងនឹងផ្លូវភស្តុភារដឹកជញ្ជូនសកលលោក»។
លោកបានសង្កត់ធ្ងន់ថា ភាពជឿជាក់នៃផ្លូវសមុទ្រខាងជើងនៅក្នុងក្រសែភ្នែករបស់ក្រុមហ៊ុនសកលលោក និងរដ្ឋដែលចូលរួមក្នុងពាណិជ្ជកម្មលើទីផ្សារអន្តរជាតិនឹងមានការកើនឡើង។
លោក ឡាវរ៉ូវ ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅមជ្ឈិមបូព៌ា ដោយធានាបាននូវតុល្យភាពនៃផលប្រយោជន៍ក្នុងចំណោមប្រទេសទាំងអស់នៅក្នុងតំបន់ដោយគ្មានករណីលើកលែង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





