FFC ប្រកាសរៀបចំការប្រកួតលីគយុវជន U14 ឆ្នាំ២០២៦ បន្ទាប់ពីរៀបចំឈុតលីគយុវជន U16 និង U18
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦--សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសរៀបចំឱ្យមានការប្រកួតលីគយុវជនអាយុក្រោម ១៤ឆ្នាំ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនេះជាព្រឹត្តិការណ៍លីគមួយកម្រិតទៀត បន្ទាប់មានលីគយុវជនជាច្រើនកម្រិតរបស់កម្ពុជា ដូចជាលីគU16 លីគU18 ជាដើម។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងក្នុងសេចក្តីជូនដំណឹងនេះថា បេក្ខភាពដែលអាចចូលរួមប្រកួតជើងឯកលីគយុវជនអាយុក្រោម ១៤ឆ្នាំនេះ គឺជាក្រុមមានទីតាំងនៅរាជធានីភ្នំពេញ និងតំបន់ដែលនៅជុំវិញ។ សមាគម-ក្លឹបទាំងអស់ អាចចុះឈ្មោះចូលរួមបាន ដោយសហព័ន្ធចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២៦។ ចំពោះកីឡាករ ត្រូវមានអាយុក្រោម ១៤ឆ្នាំ ឬកើតនៅក្នុងឆ្នាំ២០១២ ឬឆ្នាំ២០១៣។ នេះគឺជាការបង្កើតនូវទំព័រអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា១កម្រិតទៀត ក្នុងកម្រិតយុវជន ដើម្បីលើកកម្ពស់ធនធានបន្ដវេន ក្រោយទទួលបានជោគជ័យក្នុងការប្រកួតជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំឆ្នាំ នាប៉ុន្មានឆ្នាំចុងក្រោយ។

ការបន្ថែមនូវលីគយុវជន U14 ឆ្នាំ២០២៦នេះ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន FFC ដែលបានលើកឡើងក្នុងមហាសន្និបាតកាលពីថ្មីៗ ក្នុងការពង្រឹងថ្នាលបាល់ទាត់តាមរាជធានី-ខេត្ត ជាមួយការបង្កើននូវប្រព័ន្ធប្រកួតឱ្យមានស្ថិរភាពជាដើម ក្នុងន័យជួយជ្រោមជ្រែងទៅដល់ការពង្រឹងបាននូវធនធានកីឡាករប្រកបដោយសក្ដានុពល ក៏ដូចជាពង្រឹងក្រុមជម្រើសជាតិកម្ពុជាឱ្យបានខ្លាំងគ្រប់កម្រិត នាថ្ងៃអនាគត។

គួររម្លឹកថា នៅក្នុងមហាសន្និបាត FFC កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏ដូចជានៅក្នុងកម្មវិធីបទបង្ហាញស្តីពីការអភិឌ្ឍបាល់ទាត់រយៈពេលវែងពីកម្រិតមតេយ្យរហូតដល់ក្រុមជម្រើសជាតិ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៅ សុខា បានលើកបង្ហាះសមិទ្ធផលនៃការខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជារបស់សហព័ន្ធ និងក្លឹបបាល់ទាត់ទាំងអស់ ដែលជាគ្រួសារបាល់ទាត់បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាននៅទូទាំងប្រទេសជាមួយនឹងការផលិតបាននូវធនធានកីឡាករច្រើនជាបន្តបន្ទាប់។ នេះជាមោទនភាពរបស់ឯកឧត្តមប្រធាន សៅ សុខា ដែលបានលើកបង្ហាញ ប៉ុន្តែឯកឧត្តមនៅតែសម្តែងការខកចិត្ត ដោយក្រុមជម្រើសជាតិកម្ពុជាមិនទាន់អាចដណ្តើមពានអន្តរជាតិណាមួយយកមកជូនអ្នកគាំទ្រកម្ពុជា។ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុត ការក្រាញននៀលនឹងការលំបាកនៃការអភិវឌ្ឍ ប៉ុន្តែមិនបោះបង់ក្តីសង្ឃឹមនោះ ប្រធានសហព័ន្ធ និងសមាជិកFFC បានរៀបចំការប្រកួតឈុតយុវជន U14 នេះមួយកម្រិតបន្ថែម ដើម្បីជំរុញដល់ការអភិវឌ្ឍបាល់ទាត់ឱ្យកាន់តែមានភាពរឹងមាំពីឈុតយុវជនតទៅ៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





