ទឹកស្ព្រីងធម្មជាតិ ជីវសា ដែលបង្កើតឡើងដោយស្មាដៃកូនខ្មែរ នឹងមានវត្ដមាននៅលើទីផ្សារ ដើម្បីបម្រើឱ្យការប្រើប្រាស់ក្នុងស្រុកមានគុណភាពខ្ពស់
AKP កំពង់ស្ពឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
“ទឹកស្ព្រីងធម្មជាតិ ជីវសា " ត្រូវបានបង្កើតដោយស្មាដៃកូនខ្មែរបម្រើឱ្យការប្រើប្រាស់ក្នុងស្រុក ដែលមានគុណភាពខ្ពស់ មិនចាញ់ទឹកបរិសុទ្ធដែលនាំចូលមកពីក្រៅប្រទេសនោះទេ ហើយគ្រោងនឹងមានវត្ដមាននៅលើទីផ្សារនាពេលខាងមុខនេះផងដែរ។ នេះជាការលើកឡើងរបស់លោកជំទាវ គីម សុភ័ក្រ្ក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត “ទឹកស្ព្រីងធម្មជាតិ ជីវសា" ដែលត្រូវបានប្រារព្ធនៅរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវ គីម សុភ័ក្រ្ក ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា រៀបចំពិធីនេះឡើងក្នុងគោលបំណងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន សម្រាប់ដំណើរការអាជីវកម្ម ព្រមទាំងការចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មទឹកបរុសុទ្ធ ដែលជាផលិតផលស្មារដៃកូនខ្មែរ ។
បើតាមប្រធានទីផ្សាររបស់ក្រុមហ៊ុនបានឱ្យដឹងថា ទឹកស្ព្រីងធម្មជាតិ ជីវសា មានប្រភពមកពីជួរភ្នំខ្នងផ្សារ ដែលបានបង្កើតឡើងដោយកូនខ្មែរ និងសម្រាប់ប្រជាជនកម្ពុជា ហើយជីវសា គឺជានិមិត្តសញ្ញានៃភាពបរិសុទ្ធ សុខភាព និងភាពជឿជាក់ជាមួយរសជាតិស្រស់បំព្រង ពោរពេញដោយថាមពល និងសុខភាពសម្រាប់អ្នកប្រើប្រាស់ ។ ទន្ទឹមនេះ ជីវសា គឺជាជម្រើសដ៏ល្អសម្រាប់យើងគ្រប់គ្នា ដែលបានដំណើរការផលិតស្របតាមបច្ចេកវិទ្យាស្តង់ដារ ដើម្បីធានាគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។

ទឹកស្ព្រីងធម្មជាតិ ជីវសា ត្រូវបានរំពឹងថានឹងនាំមកនូវជម្រើសថ្មីមួយសម្រាប់ទីផ្សារ និងចូលរួមចំណែកលើកកម្ពស់វិស័យផលិតផលទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលមាន ៤ជម្រើស ស្របទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ 250ml, 350ml, 500ml និង 1.5L។
ជាមួយគ្នានេះផងដែរ “ទឹកស្ព្រីងធម្មជាតិ ជីវសា” គ្រោងនឹងមានវត្តមានលើទីផ្សារកម្ពុជាជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវទឹកស្អាត បរិសុទ្ធ ស្រស់ថ្លា និងមានគុណភាពខ្ពស់សមស្របសម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ៕

ដោយ ងូ សុមុនី





