ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ កងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងខេត្ដព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូច នគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិ ព្រមទាំងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្តិភាព និងស្ថិរភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាពរវាងកងទ័ព និងស្ថាប័ន អង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ឋ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែប្រសើរ។

សូមជម្រាបជូនថា អំណោយដែលនាំមកជូននាពេលនោះរួមមាន៖ រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង គ្រឿងបរិក្ខារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យមួយចំនួន អង្គភាពនីមួយៗចំនួន ២ លានរៀល និងថវិកាក្នុងម្នាក់ៗចំនួន ៥០ ០០០រៀល សរុបជាថវិកាប្រមាណ ៥១៣ លានរៀល។ បន្ថែមលើនេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ៥ខេត្ត រួមមាន ខេត្ដព្រះវិហារ កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្ដឧត្តរមានជ័យ ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់៕

ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





