ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាបានធូរស្រាល ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ ហើយមាសឡើងថ្លៃ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- ស្របពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាមានភាពធូរស្រាល ដែលទាក់ទងនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះធៀបនឹងប្រាក់អឺរ៉ូ ហើយតម្លៃមាសបានកើនឡើង។
ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះប្រហែល ១% ធៀបនឹងប្រាក់អឺរ៉ូនិង ១,១% ធៀបនឹងប្រាក់ផោនអង់គ្លេស។ អត្រាប្តូរប្រាក់ USD/EUR គឺ០,៨៥ ហើយ USD/GBP គឺ ០,៧២ គិតត្រឹមម៉ោង ០៦:៤៥ GMT។
ទន្ទឹមនឹងនេះ តម្លៃមាសបានកើនឡើងប្រហែល ២,៧% ដល់តម្លៃ៤.៨៣០ដុល្លារអាម៉េរិកក្នុងមួយអោន។ តម្លៃប្រាក់ក៏បានកើនឡើងផងដែរដោយកើនឡើង ៦,៣៣% ដល់ ៧៧,៥ដុល្លារអាម៉េរិកក្នុងមួយអោន។
បន្ទាប់ពីសំណើរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្សេបាស់ ស្សារីហ្វ (Shehbaz Sharif) សម្រាប់បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោកបានយល់ព្រម «ផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍»។
លោក ស្សារីហ្វ ក៏បានអញ្ជើញគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ រួមជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមចំពោះបទឈប់បាញ់ជាបន្ទាន់នៅទូទាំងតំបន់ជម្លោះទាំងអស់៕





