កម្ពុជា គ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ
AKPភ្នំពេញថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៦–យ៉ាងហោចណាស់ មានទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម ៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបដោយជោគជ័យ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំប្រកបដោយឆន្ទៈមុតស្រួចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យកម្ពុជាគ្មានឡើយកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជន។

សូមជម្រាបថា នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ ករណីទី១ នៅថ្ងៃទី០៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស ២១៨នាក់ ដកហូតកុំព្យូទ័រ All In One ១៣៣គ្រឿង កុំព្យូទ័រយួរដៃ ៤៤គ្រឿង ទូរសព្ទដៃ ៣៩២គ្រឿង អេក្រង់(monitor)១៦គ្រឿង CPU១៥គ្រឿង Tablet ៥គ្រឿង មួកនគរបាលជប៉ុន២ អាវនគរបាលជប៉ុន៥ និងកាតនគរបាលជប៉ុន ៤សន្លឹក។
យោងតាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចបានសន្និដ្ឋានថាទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ គោលដៅប្រទេសប៉ាគីស្ថាន បង់ក្លាដេស និង វៀតណាម។ ដោយទទួលបានគោលការណ៍ណែនាំពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនបរទេសចំនួន ២១៨នាក់ រួមនិងសម្ភារៈវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។

ចំណែកករណីទី២ នៅថ្ងៃទី០៦ ខែមេសាដដែល គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះទៅទីតាំងបុរីហ្គោឌែនឃី ផ្ទះលេខ A01 A02 និងC09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនបរទេស ២៧នាក់ ដកហូតវត្ថុតាងរួមមានកុំព្យូទ័រយួរដៃ ២២គ្រឿង ទូរសព្ទដៃ២២៧គ្រឿង CPU ៣គ្រឿង និង Monitor ១៩គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឈានចូលព្រឹកថ្ងៃទី០៧ ខែមេសា កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបជាក់ស្តែងនៅផ្ទះជួលមួយកន្លែងឈ្មោះ ហាន់ ហឿន ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធបទល្មើស Online Scams និងបានឃាត់ខ្លួនជនបរទេសសរុប ១៤នាក់។ កម្លាំងជំនាញបានឃាត់ខ្លួនជនបរទេសសង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើស Online Scams បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរបំភ្លឺ និងធ្វើនីតិវិធីបន្ត។

រីឯនៅខេត្តបន្ទាយមានជ័យឯណោះវិញ នាថ្ងៃទី០៧ ខែមេសាដដែល សមត្ថកិច្ចបានចុះបង្រ្កាបជាក់ស្តែងនៅចំណុចកាស៊ីណូអ័រគីដេ និងសណ្ឋាគារ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់ ៤ជាន់ និងមានបន្ទប់សរុបចំនួន ៥២ ក្នុងនោះជាន់ទី១ ពិនិត្យឃើញមានកុំព្យូទ័រ និងទូរសព្ទដៃ ព្រមទាំងឧបករណ៍សម្ភារៈមួយចំនួនសម្រាប់ប្រព្រឹត្តបទល្មើស
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ៣ជាន់ទៀតជាបន្ទប់សម្រាប់ស្នាក់នៅ ដោយសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេស ១៣៩នាក់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





