កម្ពុជា-វៀតណាម នៅតែបន្តមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង
AKP កំពង់ស្ពឺថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦--
អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង ហើយនៅក្នុងយុគសម័យថ្មីនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវតែពង្រឹងបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រជាជនកម្ពុជា-វៀតណាម។

ការលើកឡើងដូច្នេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួសមរបស់ប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលដល់នាពេលដ៏ខ្លីខាងមុខ នៅសាលាខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកថា សាមគ្គីភាពជាប្រវត្តិសាស្ត្រ នៅតែបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងយុគសម័យថ្មី។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគោរពគ្នាទៅវិញទៅមកចំពោះ អធិបតេ យ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ព្រមទាំងការគាំទ្រ ចំពោះ ស្ថិរភាព នយោបាយ និងមាគ៌ានៃការអភិវឌ្ឍជាតិរៀងៗខ្លួន។
ចំពោះមុខបរិបទផ្ទៃក្នុង និងសកលលោក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កំពុងមាន សន្ទុះរីក ចម្រើនយ៉ាងស្វាហាប់លើគ្រប់វិស័យ។ កម្ពុជា និងវៀតណាម បានឯកភាពថា ការពង្រឹងនិងការលើកកម្ពស់ ចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ មានសារៈសំខាន់ជាសារវន្តសម្រាប់ ប្រជាជាតិ ទាំង ពីរ។ ជារួម គោលនយោបាយការបរទេសដែលប្រទេសទាំងពីរអនុវត្តចំពោះគ្នា បានឆ្លុះបញ្ចាំង យ៉ាង ច្បាស់ នូវភាពរឹងមាំ និងភាពមិនអាចបំបែកបាននៃទំនាក់ទំនងទ្វេភាគីនេះ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់បន្ថែមថា ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំង ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដោយរក្សា បាននូវភាពរឹងមាំលើគ្រប់វិស័យដែល ជាផលប្រយោជន៍ យុទ្ធសាស្ត្ររួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយ បញ្ហាប្រឈម ជាសកល ពង្រីកកិច្ចសហការនៅគ្រប់ កម្រិតនិងគ្រប់វេទិកា ព្រមទាំងពង្រឹងការយោគយល់គ្នា ឱ្យកាន់តែស៊ីជម្រៅ ដែលនឹងអនុញ្ញាតឱ្យប្រទេស ទាំងពីរ សម្រេចបាននូវសមិទ្ធផលកាន់តែធំធេង ទាំងក្នុង ក្របខណ្ឌជាតិនិងលើឆាកអន្តរជាតិ។មិនតែប៉ុណ្ណោះប្រទេសទាំង២ នៅតែជាដៃគូពាណិជ្ជកម្ម វិនិយោគ និងសន្តិសុខដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក ហើយពិសេសជាងនេះគឺរក្សាទំនាក់ទំនងជិតស្និទ្ធតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ព្រមទាំងការសម្របសម្រួលបញ្ហាព្រំដែន ស្របពេលវៀតណាមនៅតែជាទីផ្សារនាំចេញកសិផលដ៏ធំរបស់កម្ពុជា។

លោក ង្វៀន គ្វិញថៀន អនុប្រធានគណកម្មាធិការប្រជាជនខេត្ត(អភិបាលរងខេត្តវិញឡុង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពធូរធា សម្បូរសប្បាយ។ទាំងនេះគឺដោយសារតែការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងការតម្កល់នូវផលប្រយោជន៍ជាតិជាធំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយនិងការរីកចម្រើនយ៉ាងឆាប់រហ័សនេះដែរ ក៏បានធ្វើឱ្យខេត្តកំពង់ស្ពឺដែលធ្លាប់តែរងការមើលងាយថាខេត្តប៊ុមប៊ឺរលាក់កងជើង ជាខេត្តដែលរ៉ាំរ៉ៃដោយភ្លើងសង្គ្រាម មានការប្រែមុខមាត់ថ្មី ស៊ីវិល័យនិងពោរពេញដោយការអភិវឌ្ឍន៍។តាមរយៈការអភិវឌ្ឍន៍ រីកចម្រើននិងដោយយោងតាមសក្តានុពលដែលខេត្តកំពង់ស្ពឺ លោកនិងជួយគៀរគរ ធុរៈជនវៀតណាមដែលចង់ពង្រីកការវិនិយោគបន្ថែម ឱ្យមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ពិសេសគឺយកកំពង់ស្ពឺជាខេត្តគោលដៅសម្រាប់ការវិនិយោគ៕
ដោយ៖ ម៉ែន ប៊ុនធីម





