មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ជំរុញយុវជនឱ្យចាប់យកជំនាញភាសា បច្ចេកវិទ្យាឌីជីថល និងជំនាញសហគ្រិនភាពបន្ថែមដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍវិថីអាជីពការងារ
AKP សៀមរាប ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦--
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ផ្នែកបដិសណ្ឋារកិច្ចដល់សិក្ខាកាមចំនួន ២០០នាក់ ដែលរៀបចំឡើងដោយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៃសមាគមក្លឹបទេសចរណ៍សៀមរាប(STC) នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅក្រុងសៀមរាប ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ការអភិវឌ្ឍន៍មូលធនធានមនុស្ស រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈនៅពេញផ្ទៃប្រទេសកម្ពុជា ក្នុងនោះជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ក៏កំពុងរីកចំម្រើនខ្លាំងផងដែរ។ប៉ុន្តែដើម្បីបង្កើននូវប្រសិទ្ធភាពការងាររបស់ខ្លួន យុវជនកម្ពុជា ត្រូវខិតខំរៀនជំនាញភាសា ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញសហគ្រិនភាព ដែលជាចាំបាច់មិនអាចខ្វះបានការចូលរួមការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងជាពិសេសការអភិវឌ្ឍវិថីអាជីពការងាររបស់ខ្លួននាពេលអនាគតជាពិសេសក្នុងវិស័យទេសចរណ៍។

ឯកឧត្តម ប៉ា សុខុម បានបន្តទៀតថា ដើម្បីគាំទ្រ និងជំរុញការអនុវត្តន៍ដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះ និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការអភិវឌ្ឍន៍មូលធនមនុស្សពិតជាការងារអាទិភាពគាំទ្រដ៏សំខាន់ ដែលតម្រូវឱ្យមានការទាមទារការគិតគូរខ្ពស់ លើការជំរុញបរិយាបន្ន ការធានាគុណភាព ចីរភាព និងនវានុវត្តន៍ការអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យទេសចរណ៍ឱ្យមានគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ និងផលិតភាពខ្ពស់ តាមរយៈការជំរុញអភិវឌ្ឍសមត្ថភាព និងការអប់រំបណ្តុះបណ្តាលជំនាញថ្មី និងបន្ថែម (Reskilling and Upskilling) ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ សំដៅធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ភាពកក់ក្តៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។

ឯកឧត្តមបានរំលឹកថា នាពេលកន្លងមក ដោយអនុវត្តតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានសហការជាមួយភាគីពាក់ព័ន្ធ កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង សម្រាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដើម្បីឆ្លើយតបនឹងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដោយបានធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សជាគ្រូបង្គោល អ្នកវាយតម្លៃបង្គោល ការពង្រឹងសមត្ថភាពសាលាបណ្ដុះបណ្ដាល មជ្ឈមណ្ឌលវាយតម្លៃ ការដាក់ចុះកម្មវិធីបណ្ដុះបណ្ដាលថ្មីៗ និងការវាយតម្លៃការសិក្សាពីមុន (RPL) អមដោយបទដ្ឋានគតិយុត្តទ្រទ្រង់ចាំបាច់នានា។

សូមជម្រាបផងដែរថា កន្លងមក សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានបើកវគ្គបណ្តុះបណ្តាល ដោយឥតគិតថ្លៃលើជំនាញបដិសណ្ឋារកិច្ច ក្នុងវិស័យទេសចរណ៍នេះ បានចំនួនបីវគ្គរួចមកហើយដែលមានសិក្ខាកាម ចូលរួមចំនួន៧០០នាក់ ហើយវគ្គបណ្តុះបណ្តាលជំនាន់ទី៤នេះ មានសិក្ខាកាមចំនួន២០០នាក់ ដែលសិក្សារយៈពេល៨ខែ។
ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប (STC)លោក សែត កៅ បានថ្លែងថា វគ្គសិក្សានេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យរដ្ឋ និងវិស័យឯកជន តាមរយៈការគាំទ្រសហហិរញ្ញប្បទានពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងការតម្រង់ទិសបច្ចេកទេសស្របតាមស្តង់ដារ ASEAN MRA-TP ពីក្រសួងទេសចរណ៍។ លោកថា វគ្គសិក្សាថ្មីនេះ ជាឱកាសមួយសម្រាប់សិស្សានុសិស្សទាំងអស់ក្នុងការសិក្សារៀនសូត្រដើម្បីកសាងអភិវឌ្ឍមូលធនមនុស្សកម្ពុជា ប្រកបដោយ សក្ដានុពល ទាំងចំណេះដឹង ជំនាញ និងសីលធម៌៕
ដោយ ឃុត សៅ





