មេដឹកនាំប្រឆាំងតៃវ៉ាន់ធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងអ្វីដែលលោកស្រីហៅថាជាដំណើរឆ្ពោះទៅរកសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ -- លោកស្រី ចេង លី-វុន (Cheng Li-wun) មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់បានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីថ្ងៃអង្គារ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងអ្វីដែលលោកស្រីហៅថា ជា «ដំណើរឆ្ពោះទៅរកសន្តិភាព» ខណៈដែលទីក្រុងប៉េកាំងអំពាវនាវឱ្យកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ក្នុងរយៈពេលមួយទសវត្សរ៍ ហើយធ្វើឡើងមុនពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំងរវាងលោក ស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែឧសភា។
មុនពេលចាកចេញពីទីក្រុងតៃប៉ិ ប្រធានគណបក្សគូមីនតាំង(Kuomintang) បានប្រាប់អ្នកសារព័ត៌មានថា កោះតៃវ៉ាន់ត្រូវតែខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាម និងចាប់យកឱកាសណាមួយដើម្បីលើកកម្ពស់សន្តិភាព។
ប្រទេសចិនបានអះអាងថា កោះដែលគ្រប់គ្រងដោយខ្លួនឯងនេះជាទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកវានោះទេ។
លោកស្រី ចេង បាននិយាយថា «គោលបំណងនៃដំណើរទស្សនកិច្ចទៅកាន់ចិនដីគោកនេះ គឺដើម្បីបង្ហាញពិភពលោកថា មិនមែនមានតែតៃវ៉ាន់ទេដែលសង្ឃឹមជាឯកតោភាគីសម្រាប់សន្តិភាព»។
លោកស្រីបានបន្ថែមថា «ខ្ញុំជឿជាក់ថា តាមរយៈដំណើរឆ្ពោះទៅរកសន្តិភាពនេះ មនុស្សគ្រប់គ្នាកាន់តែចង់ឃើញភាពស្មោះត្រង់ និងការតាំងចិត្តរបស់គណៈកម្មាធិការកណ្តាល CPC ក្នុងការប្រើប្រាស់កិច្ចសន្ទនា និងការផ្លាស់ប្តូរដោយសន្តិវិធី ដើម្បីដោះស្រាយភាពខុសគ្នាទាំងអស់ដែលអាចកើតមានរវាងភាគីទាំងពីរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





