លោក ត្រាំ អាចពន្យារពេលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងពន្យារពេលនៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios ដោយបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលអាម៉េរិក។
ប្រភពព័ត៌មានបានប្រាប់ Axios ថា «ប្រសិនបើប្រធានាធិបតីមើលឃើញថា កិច្ចព្រមព្រៀងមួយកំពុងដំណើរការទៅដោយរលូន លោកប្រហែលជានឹងពន្យារពេល។ ប៉ុន្តែមានតែលោកម្នាក់ឯងទេដែលធ្វើការសម្រេចចិត្តនោះ»។ មន្ត្រីមន្ទីរបញ្ចកោណម្នាក់ដែលមិនបញ្ចេញឈ្មោះ បានសម្តែងការសង្ស័យអំពីលទ្ធភាពនៃការពន្យារពេលមួយផ្សេងទៀតនៃថ្ងៃផុតកំណត់សម្រាប់ការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។
យោងតាមប្រភពព័ត៌មានរបស់ Axios បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាន់ជំហរ «ក្តៅគគុក» បំផុតលើអ៊ីរ៉ង់ក្នុងចំណោមសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោក។ ក្នុងពេលជាមួយគ្នានេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ (JD Vance) អ្នកតំណាងពិសេសប្រធានាធិបតី លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងកូនប្រសាររបស់លោកប្រធានាធិបតី លោក ចារ៉េដ គូស្ន័រ (Jared Kushner) ជឿថា លោកគួរតែព្យាយាមឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ប្រសិនបើអាចធ្វើទៅបាន។ ដូចដែលប្រភពព័ត៌មានរបស់វិបផតថលព័ត៌មានបានកត់សម្គាល់ ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើបទឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថាជាការចរចា មិនមែនជាការបដិសេធនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





