ប្រព័ន្ធផ្សព្វផ្សាយ៖ យន្តហោះចម្បាំងអាម៉េរិក និងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរោងចក្រគីមីឥន្ធនៈនៅទីក្រុងស្ស៊ីរ៉ាស់របស់អ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- យន្តហោះចម្បាំងរបស់អាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហាររោងចក្រគីមីឥន្ធនៈមួយកន្លែងនៅក្នុងទីក្រុងស្ស៊ីរ៉ាស់ នៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារលើកទីពីរក្នុងអំឡុងពេលថ្ងៃនោះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានចេញផ្សាយ។
ទីភ្នាក់ងារសារព័ត៌មាន Mehr បានដកស្រង់សម្តីអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកម៉ាវីដាស់ត៍ ក្នុងខេត្តហ្វាស៍ ដែលបាននិយាយថា ផ្នែកតូចមួយនៃរោងចក្រស្ស៊ីរ៉ាស់បានរងការខូចខាតនៅក្នុងការវាយប្រហារនោះ។
ការវាយប្រហារនោះបានកើតឡើងភ្លាមៗបន្ទាប់ពីយន្តហោះចម្បាំងរបស់អាម៉េរិក និងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរោងចក្រផលិតគីមីឥន្ធនៈនៅក្នុងតំបន់ថាមពលសេដ្ឋកិច្ចពិសេសប៉ាស់ ក្នុងទីក្រុងអាសាលូយ៉េហ៍ នៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់។
ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុករួមគ្នាទៅលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈដែលបានសម្លាប់មនុស្សជាង ១.៣៤០នាក់រហូតមកដល់បច្ចុប្បន្ន រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី (Ali Khamenei) ផងដែរ។
ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសឈូងសមុទ្រដែលកាន់កាប់ទ្រព្យសម្បត្តិយោធាអាម៉េរិក។ អ៊ីរ៉ង់ក៏បានរឹតត្បិតការឆ្លងកាត់របស់វានាឆ្លងកាត់ច្រកសមុទ្រហ័រមុសផងដែរ៕





