ទីភ្នាក់ងារគយកូរ៉េខាងត្បូងរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ១៨០គីឡូក្រាមនៅព្រំដែនក្នុងត្រីមាសទី១
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- អាជ្ញាធរគយកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន១៨០គីឡូក្រាមនៅព្រំដែនក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
យោងតាមទីភ្នាក់ងារគយកូរ៉េ (KCS) បានឱ្យដឹងថា ករណីគ្រឿងញៀនសរុបចំនួន ៣០២ករណីត្រូវបានរកឃើញរវាងខែមករា និងខែមីនា។ ខណៈពេលដែលបរិមាណសរុបនៃគ្រឿងញៀនដែលរឹបអូសបានបានធ្លាក់ចុះ ៥% ពីមួយឆ្នាំមុន ដោយចំនួនករណីបានកើនឡើង ១៣% ធៀបនឹងឆ្នាំមុន។
វិធីដឹកជញ្ជូននៃការរត់ពន្ធគឺតាមរយៈអ្នកដំណើរតាមផ្លូវអាកាសបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង ដោយមាន ១៧៨ករណីសរុប ៦៤គីឡូក្រាមក្នុងរយៈពេលដែលបានលើកឡើង។
ទីភ្នាក់ងារនេះបាននិយាយថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនករណីបានកើនឡើង ១២៨% ខណៈដែលបរិមាណបានកើនឡើង ៧៨%។ ផ្ទុយទៅវិញ ការរត់ពន្ធគ្រឿងញៀនតាមរយៈទំនិញរហ័ស និងប្រៃសណីយ៍អន្តរជាតិបានធ្លាក់ចុះ។
ប្រភេទគ្រឿងញៀនមេតំហ្វេតាមីនមានចំនួនច្រើនជាងគេចំនួន១២៤គីឡូក្រាម បន្ទាប់មកគឺគ្រឿងញៀនសំយោគថ្មីចំនួន ៣២គីឡូក្រាម និងកញ្ឆាចំនួន ៩គីឡូក្រាម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





