ប្រធានាធិបតីអ៊ុយក្រែននឹងបំពេញទស្សនកិច្ចប្រទេសតួកគី ដើម្បីពិភាក្សាអំពីបទឈប់បាញ់ និងបញ្ហាក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- យោងតាមការប្រកាសរបស់ប្រធានាធិបតីតួកគីបានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នឹងមកបំពេញទស្សនកិច្ចការងារនៅទីក្រុងអ៊ីស្តង់ប៊ុល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច លោក បួហាន់ណេតទីន ឌូរ៉ាន់ (Burhanettin Duran)ប្រធាននាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតីតួកគី បាននិយាយថាដំណើរទស្សនកិច្ចនេះនឹងផ្តោតលើចំណុចសំខាន់ៗនៃរបៀបវារៈទ្វេភាគី និងការវិវឌ្ឍក្នុងតំបន់ថ្មីៗ។
លោក ឌូរ៉ាន់ បាននិយាយថា ការពិភាក្សាទាំងនេះត្រូវបានគេរំពឹងថានឹងដោះស្រាយគំនិតផ្តួចផ្តើមការទូតដែលមានគោលបំណងបង្កើតបទឈប់បាញ់ និងជំរុញដំណោះស្រាយយូរអង្វែងចំពោះជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយយកចិត្តទុកដាក់ជាពិសេសចំពោះទង្វើដែលហៅថាដំណើរការអ៊ីស្តង់ប៊ុល។
ប្រទេសតួកគីបានដាក់ខ្លួនជាអ្នកសម្របសម្រួលក្នុងជម្លោះ ដោយពីមុនបានធ្វើជាម្ចាស់ផ្ទះនៃការចរចារវាងភាគីនានា និងតស៊ូមតិឱ្យមានការសន្ទនាដើម្បីបញ្ចប់អរិភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





